ភ្នំពេញ៖ «សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លាន ១៦មុឺនដុល្លារអាមេរិក រៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ» ។ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅយប់ថ្ងៃព្រហស្បតិ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
ស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ព្រមទាំងព្រះរាជតម្រិៈគោរពដង្ហែតាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា ដែលអង្គសម្តេចព្រះវររាជបិតាសិក្សាធិការជាតិ ស្តេចបានដឹកនាំកសាងអភិវឌ្ឍជាតិខ្មែរ រីកចម្រើនជឿនលឿនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំសិក្សាធិការ ដែលបានបម្រើឲ្យការរស់នៅរបស់ប្រជានុរាស្រ្តមានភាពល្អប្រសើរខ្ពង់ខ្ពស់ឧត្តុង្គឧត្តមក្រៃលែង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១.១៦៩.៥៥០ដុល្លារអាមេរិក ដើម្បីជួសជុលកែលម្អ និងសាងសង់បន្ថែមនូវព្រះរាជសមិទ្ធផលនានា ក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សម្រាប់តម្កល់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ហ័ង គីយ័ន អគ្គនាយកក្រុមហ៊ុន មីង ស៊ីង គ្រុប និងគណៈប្រតិភូ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ថ្វាយតង្វាយជាថវិការចំនួន ៥.០០០ដុល្លារអាមេរិក និងអង្ករចំនួន ១០ តោន នៅព្រះមហាប្រាសាទខេមរិន្ទ ដើម្បីថ្វាយនូវការដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការជួយសម្រាលទុក្ខលំបាកប្រជារាស្រ្តក្រីក្រជួបការលំបាកទូទាំងព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ស តារា