កិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬ ដ្រូន តាមប្រព័ន្ធវីដេអូ Zoom

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាម ប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន តបតាមសំណើរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំជាច្រើនរូប។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក សក់ សេដ្ឋា បានជម្រាបអង្គប្រជុំថា សេចក្តីព្រាងអនុក្រឹត្យនេះ បានចំណាយពេលវេលាក្នុងការព្រាង ក៏ដូចបានរៀបចំការប្រជុំឆ្លងប្រមូលធាតុចូលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនដង ដោយសារកិច្ចការងារនេះ គឺជាការងារថ្មីសម្រាប់ប្រទេសកម្ពុជា ដែលត្រូវធ្វើការសិក្សាស្រាវជ្រាវ ពិភាក្សាគ្នាយ៉ាងលម្អិត ដើម្បីរៀបចំវិធានគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន សំដៅធានាថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងឯកជនភាព។

នាឱកាសនោះដែរ ដោយមានការអនុញ្ញាតពី លោកប្រធានអង្គប្រជុំ លោក ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូនដល់អង្គប្រជុំ ដោយឯកឧត្តមបានបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះមានការចូលរួមផ្តល់ធាតុចូល ពីសំណាក់ក្រុមប្រឹក្សានីតិកម្ម និងអង្គភាពពាក់ព័ន្ធនានាក្រោមចំណុះក្រសួងមហាផ្ទៃ ចំនួន៤៦លើករួចមកហើយ ក្នុងនោះដើម្បីឱ្យសេចក្តីព្រាងក្រឹត្យនេះកាន់តែមានសុក្រឺត្យ និងវិសាលភាព ព្រមទាំងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីណាក់សម្តេចក្រឡាហោម ក្រុមការបានរៀបចំកិច្ចប្រជុំអន្តរក្រសួង បានចំនួន ៣លើក ដែលមានការចូលរួមពីក្រសួង ចំនួន៨ ដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាដើម។

បន្ថែមពីនេះទៀត លោក ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍លម្អិតស្តី អំពីដំណើរការតាក់តែងសេចក្តីព្រាងអនុក្រឹត្យការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក(ដ្រូន) ថា សេចក្តីព្រាងនេះបានរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៨ ដោយបានធ្វើការសិក្សាស្រាវជ្រាវពីបណ្តាប្រទេសជាច្រើនពីតំបន់អ៊ឺរ៉ុប និងនៅក្នុងតំបន់អាស៊ីដើម្បីធ្វើជាមូលដ្ឋាន។

ជាមួយគ្នានេះដែរ លោក សក់ សេដ្ឋា បានមានប្រសាសន៍ណែនាំដល់អង្គប្រជុំ ដើម្បីចូលរួមពិនិត្យ និងផ្តើមផ្តល់ធាតុចូលនានា ឱ្យបានផុសផុល និងចូលរួមកែតម្រូវនូវចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះមានភាពច្បាស់លាស់ និងពេញលេញ។ លើសពីនេះទៀត លោកប្រធានអង្គប្រជុំ បានសម្តែងនូវការកោតសរសើរចំពោះការខិតខំរបស់ក្រុមការងារ ដែលបានចូលរួមសហការរៀបចំសេចក្តីព្រាងនេះឡើង។

សូមរំលឹកផងដែរថា អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន មាន៨ជំពូក និង៣៥មាត្រា។ ដោយអនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការកែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន គ្រប់ប្រភេទដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាពិសេសអនុក្រឹត្យនេះមានវិសាលភាពអនុវត្តន៍ចំពោះអាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកតម្លើង អ្នកកែច្នៃនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាលើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print