ភ្នំពេញ៖ គិតត្រឹមបំណាច់ឆ្នាំ២០២១ ការនាំទំនិញចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សរុបចំនួនប្រមាណ ២០,២២៧.៤លានដុល្លារអាម៉េរិក។ នេះបេីយោងតាមការបញ្ជាក់ពីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយ និងរដ្ឋាករកម្ពុជា។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ លោកបណ្ឌិត គុណ ញឹម បានរៀបរាប់នូវទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ថា ក្នុងនោះ ការនាំចេញផលិតផលកាត់ដេរ មានចំនួន ១១,៣៨៩.៦លានដុល្លារ កើនឡើងប្រមាណ ១,៥០៥លានដុល្លារ ស្មើនឹង ១៥.២%, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា៖គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ស្បែកសត្វកែច្នៃ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ៤,៥៤២.១លានដុល្លារ កើនឡើងប្រមាណ ១,៣៩២.៥លានដុល្លារ ស្មើនឹង ៤៤.២%, ការនាំចេញកសិផលមានចំនួន ២,៨១៧.៨លានដុល្លារ កើនឡើងប្រមាណ ៣,៩១០.៩លានដុល្លារ ស្មើនឹង ៣៩.៥% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៨២៦.២លានដុល្លា កើនឡើងប្រមាណ ៣៦០.៣លានដុល្លារ (៧៧.៣%), ការនាំចេញអង្ករសម្រេច ៤២៤.៩លានដុល្លារ ថយចុះប្រមាណ ៨១.១លានដុល្លារ (១៦.០%), កៅស៊ូនាំចេញមានតម្លៃ ៣៩៩.៣លានដុល្លារ កើនឡើងប្រមាណ ១២៥.៧លានដុល្លារ (៤៥.៩%) និងកសិផលផ្សេងទៀតមានតម្លៃ ៦៥៣.៧លានដុល្លារ កើនឡើង ២៦៥.៣លានដុល្លារ (៦៨.៣%)។
ចំណែកពាក់ព័ន្ធការប្រមូលចំណូលរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា លោកអគ្គនាយក បានឲ្យដឹងថា មានចំនួនសរុប ៩,២៩៥.៧ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ ដុល្លារអាមេរិក) ថយចុះប្រមាណ ៥.១% បើធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។
បន្ថែមពីនេះ លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ទៀតថា៖ លទ្ធផលនេះ គឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១៕ដោយ៖ស តារា