ភ្នំពេញ ៖ ឯកឧត្តម, លោកជំទាវ, សមាជិកគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាទីរាប់អាន
ខ្ញុំមានអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង ដោយត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពាន រង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២។ ខ្ញុំពិតជាមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ចំពោះគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានទទួលស្គាល់នូវស្នាដៃរបស់ខ្ញុំក្នុង ការបញ្ចប់សង្គ្រាមស៊ីវិល និងការកសាងបាននូវសុខសន្តិភាពពេញលេញ និងដ៏យូរអង្វែងនៅកម្ពុជា។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំក៏សូមអបអរសាទរលោកស្រីសាស្ត្រាចារ្យ ដេម សារ៉ា ខាវឺរីន ហ្គីលប៊ើត (Dame Sarah Catherine Gilbert) អ្នកអភិវឌ្ឍរួមនៃវ៉ាក់សាំងអាស្ត្រា-ហ្សេនីកា (AstraZeneca) ដែលត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ។ ស្នាដៃរបស់លោកស្រីពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃជំងឺ កូវីដ-១៩ ជាពិសេសការជួយសង្គ្រោះ និងការពារអាយុជីវិតមនុស្សរាប់លាននាក់នៅលើពិភពលោកនេះ។
សម្រាប់ខ្ញុំ, ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ នេះ មិនមែនបានមកដោយសារតែខ្ញុំតែ ម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសមនឹងទទួលបាននូវពានរង្វាន់ សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ច ដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា។
ទី១, ខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ ចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ, ព្រះវររាជមាតា និងសម្តេចព្រះបាទព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់នូវ ស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ។
ទី២, ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមគ្រួសាររបស់ខ្ញុំ ចំពោះការស្រឡាញ់ និងការគាំទ្រដល់ដំណើរស្វែងរកសន្តិភាព សម្រាប់ប្រទេស របស់ខ្ញុំ។
ទី៣, មេដឹកនាំ និងសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ព្រមទាំងកងកម្លាំងប្រដាប់ អាវុធពីគ្រប់ភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាង និង លើកកម្ពស់សន្តិភាព។ ទី៤, បណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនានា ដែលបានផ្តល់ជំនួយ នៅក្នុងដំណើរការនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការកសាងប្រទេសឡើងវិញ ក្រោយសង្គ្រាម។ ជាចុងក្រោយ, ខ្ញុំសូមថ្លែងអំណរគុណចំពោះជនរួមជាតិរបស់ខ្ញុំ ដែលតែងតែបានគាំទ្រ និងសាទរចំពោះ គោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផល សម្រាប់ការជំរុញនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា។
សម្រាប់ខ្ញុំ, សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិ ភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវ ទុក្ខ លំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហឹង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្ល ប៉ុណ្ណានោះ។ ឆ្លៀតឱកាសនេះ, ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានរីកធំធាត់ និងចំរើនវឌ្ឍនាកា ដោយបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា។ ខ្ញុំត្រូវបង្ខំចិត្ត ឈប់រៀននៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេសរបស់ខ្ញុំ បាននិងកំពុងបែកបាក់យ៉ាងខ្លាំង ហើយ សង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។ ជីវិតកុមារភាព និងវ័យជំទង់របស់ខ្ញុំ ដែលគួរតែទទួលបាន នូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសខ្ញុំមានសន្តិភាពនោះ ប៉ុន្តែខ្ញុំបែរជាជួបតែទុក្ខលំបាក និងការ ឈឺចាប់ទៅវិញ។ នាពេលនោះ, ខ្ញុំពិតជាអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះអនាគតរបស់ខ្ញុំ និងអនាគត របស់ប្រទេសខ្ញុំ។
ចាប់ពីពេលនោះមក, ខ្ញុំបានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំ នឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ។ ជាក់ស្តែង, ខ្ញុំបានរងរបួស និងបានបាត់បង់ភ្នែកម្ខាង។ ខ្ញុំត្រូវបង្ខំរត់គេចខ្លួនដោយថ្មើរជើងទៅកាន់ ប្រទេសវៀតណាមទាំងកណ្ដាលយប់អាធ្រាត ដោយត្រូវដើរឆ្លងកាត់ចំការមីន និងឆ្លងកាត់ព្រំដែន ដែលមានកងទ័ពជាច្រើន ។ ជាងនេះទៅទៀត, ខ្ញុំបានទុកចោលប្រពន្ធរបស់ខ្ញុំឱ្យនៅកណ្ដោចកណ្តែង ដែលនាងកំពុងមានផ្ទៃពោះនៅឯប្រទេសកម្ពុជា។ ក្រោយមកទៀត នៅឆ្នាំ១៩៩៦, ខ្ញុំបានប្រថុយជីវិត របស់ខ្ញុំម្តងទៀត ដោយបានទៅចរចាដោយផ្ទាល់ និងបញ្ចុះបញ្ចូលកងកំលាំងខ្មែរក្រហមនៅឯមូលដ្ឋាន យោធារបស់ពួកគេ ឱ្យទម្លាក់អាវុធ និងចូលរួមជាមួយរាជរដ្ឋាភិបាលវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដោយធានានូវអាយុជីវិត, សិទ្ធិកាន់កាប់អចលនទ្រព្យ ឋានៈ និងមុខរបររបស់ពួកគេ។ គោលនយោបាយ ឈ្នះ-ឈ្នះនេះ
បានជំរុញឱ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។ គោល នយោបាយឈ្នះ-ឈ្នះនេះ ក៏បានអនុញ្ញាតផងដែរ ឱ្យរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ទាំងស្រុង ទៅលើការអភិវឌ្ឍជាតិ ខណៈដែលប្រជាជនកម្ពុជាទទួលបាននូវផលប្រយោជន៍ និងកាលានុវត្តភាព នានាពីសន្តិភាព និងការអភិវឌ្ឍ។ កម្ពុជារក្សាបាននូវសន្តិភាពរយៈពេលជាង ២០ឆ្នាំមកហើយ ។ ជាមួយគ្នានេះ, យើងប្តេជ្ញាចិត្តថានឹងបន្តការពារ និងលើកស្ទួយសន្តិភាពបន្ថែមទៀត។ តាមរយៈបទ ពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្តិភាព, ខ្ញុំសូមសង្កត់ធ្ងន់ថា “គ្មាន សន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និង គ្មានលទ្ធិប្រជាធិបតេយ្យ»។ ខ្ញុំឯកភាពចំពោះទស្សនៈរបស់លោក ស៊ុន ម៉ុងមូន និងលោកស្រីបណ្ឌិត ហាក់ ចាហានមូន ដែលបានលើកឡើងថា «សន្តិភាព គឺជាសកម្មភាពជាក់ស្ដែង មិនមែនជាក្តីសុបិន ដែលស្រពេចស្រពិលនោះទេ»។ នេះជាមូលហេតុដែលរដ្ឋាភិបាលរបស់ខ្ញុំបានយកសន្តិភាពជាអាទិភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និង បោសសម្អាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាច ចូលរួមចំណែកក្នុងការស្ដារសន្តិភាពនៅបណ្តាតំបន់ទាំងនោះ។ ជាងនេះទៅទៀត, ទោះបីជាប្រទេស កម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ប្រកបដោយសុច្ឆន្ទៈ, ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ។
ឯកឧត្តម ,លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាទីរាប់អាន
សន្តិភាពនៅក្នុងតំបន់ និងពិភពលោករបស់យើងនៅតែមានភាពផុយស្រួយ និងស្ថិតក្រោម ភាពតានតឹង ដោយសារបញ្ហារួមផ្សំដូចជា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច, ការកើនឡើង នៃគំនិតជាតិនិយម, អំពើភេរវកម្ម, ភាពក្រីក្រ និងអសន្តិសុខស្បៀង ដែលបង្កឡើងដោយការប្រែប្រួល អាកាសធាតុ និងជំងឺរាតត្បាតកូវីដ-១៩។ បញ្ហាទាំងនេះ អាចនឹងបំផ្លិចបំផ្លាញវឌ្ឍនភាពរបស់មនុស្ស និងជាតិសាសន៍ទាំងមូលបាន ប្រសិនបើយើងមិនរួមគ្នាដោះស្រាយ។ ក្នុងន័យនេះ, យើងត្រូវបង្កើន និងធ្វើពិពិធកម្មកិច្ចសហការ និងភាពជាដៃគូរបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការគំរាមកំហែងទាំងនោះ ព្រមទាំងពង្រឹងនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពឱ្យកាន់តែ រឹងមាំ។ ការលើកកម្ពស់សន្តិភាព គឺជាការចាំបាច់សម្រាប់យើងនាពេលបច្ចុប្បន្ន ប៉ុន្តែអ្វីដែលសំខាន់ ជាងនេះទៅទៀតនោះ គឺដូចពាក្យស្លោករបស់ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានលើកឡើង ដោយសង្ខេបថា “អភិវឌ្ឍពិភពលោកឱ្យកាន់តែស្រស់បំព្រង សម្រាប់មនុស្សជំនាន់ក្រោយ»៕