មីយ៉ាន់ម៉ាជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន បានទទួលឯករាជ្យនៅថ្ងៃទី៤ខែមករាឆ្នាំ១៩៤៨ ពីប្រទេសអង់គ្លេស ហើយក្រោយមកនៅថ្ងៃទី១២ខែកុម្ភៈក៏បានប្រែឈ្មោះទៅជាសហភាពមីយ៉ាន់ម៉ា ។
ប្រទេសនេះមានផ្ទៃដីសរុប 676.577 គីឡូម៉ែត្រក្រឡា មានព្រំដែនជាប់ជាមួយចិនប្រវែង ២.១៨៥គីឡូម៉ែត្រ ជាប់ប្រទេសថៃ ១.៨០០គីឡូម៉ែត្រ ជាប់ឥណ្ឌា ១.៤៦៣គីឡូម៉ែត្រ ជាប់ឡាវ ២៣៥គីឡូម៉ែត្រ និងជាបបង់ក្លាដែស១៩៣គីឡូម៉ែត្រ។ ជាមួយគ្នានេះមីយ៉ាន់ម៉ាមានឆ្នេរសមុទ្រប្រវែង ១.៩៣០គីឡូម៉ែត្រ ។ ប្រទេសនេះមាន៧រដ្ឋធំៗ បង្កើតទៅជាសហភាពមីយ៉ាន់ម៉ា ។
នៅពេលនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃទី១២ខែកុម្ភៈថា នឹងដោះលែងអ្នកទោសជាង៨០០នាក់នៅក្នុងកម្មវិធីលើកលែងទោសមួយដើម្បីអបអរទិវាសហភាព (Union Day) របស់ប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ ប្រមុខដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា លោក មីន អោង ឡាំង (Min Aung Hlaing) បាននិយាយថា យោងតាមដីកាលើកលែងទោសក្នុងឱកាសនៃការប្រារព្ធ «ទិវាសហភាព» ដែលប្រព្រឹត្តទៅរៀងរាល់ថ្ងៃទី១២ ខែកុម្ភៈ, អ្នកទោសសរុបចំនួន ៨១៤នាក់នឹងត្រូវទទួលការដោះលែងនៅថ្ងៃនេះ។
អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក ហ្សាវ មីន ទន់ (Zaw Min Tun) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកដែលទទួលបានការលើកលែងទោសទាំងនោះភាគច្រើនមកពីពន្ធនាគារក្នុងទីក្រុងរ៉ង់ហ្គូន។
គួររំលឹកថា កាលពីការប្រារព្ធទិវាសហភាពនៅក្នុងឆ្នាំ២០២១ របបយោធាមីយ៉ាន់ម៉ាក៏បានធ្វើការដោះលែងអ្នកទោសសរុប ២៣,០០០នាក់ផងដែរ៕ ដោយសាធី
រូបថត៖TTXVN.