ក្រុមហង្សក្រហម Liverpool បានបន្តឈ្នះក្នុងការរក្សាគម្លាតនៅលើកំពូលតារាង Premier League ជាមួយនឹងជ័យជម្នះ 1-0 នៅលើទឹកដីក្រុម Burnley ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបរាជ័យក្នុងលីកជាលើកទី៣ជាប់ៗគ្នា ខណៈដែលពួកគេបានចាញ់ក្រុមភ្ញៀវ Wolverhampton Wanderers ក្នុងលទ្ធផល 2-0 ។
ចំណែកក្រុម West Ham United បានប្រកួតស្មើដែរ ធ្វើឲ្យក្រុម Spurs កាន់តែឃ្លាតឆ្ងាយពីការប្រជែងពិន្ទុបន្ថែមទៀតក្នុងការប្រជែងយកតំណែងក្រុមកំពូលទាំង៤ ខណៈដែលកីឡាករ Craig Dawson បានដណ្តើមជួយឲ្យក្រុម តាមស្មើចុងក្រោយក្នុងលទ្ធផលស្មើ 2-2 នៅលើទឹកដីក្រុម Leicester City ខណៈដែល Newcastle United បានបង្កើនក្តីសង្ឃឹមរស់រានមានជីវិតរបស់ពួកគេជាមួយនឹងជ័យជម្នះ 1-0 លើក្រុមAston Villa ។ជ័យជម្នះរបស់ Liverpool ទៅកាន់ទឹកដីក្រុម Burnley គឺជាជោគជ័យដ៏ធំមួយដែលអ្នកចាត់ការលោក Jurgen Klopp មានសង្ឃឹមថា នឹងតាមពីក្រោយយ៉ាងប្រកៀកទៅលើក្រុមកំពូលតារាង Man City។ ការទទួលជ័យជម្នះ 4-0 របស់ក្រុម Manchester City នៅលើទឹកដីក្រុម Norwich City កាលពីថ្ងៃសៅរ៍បានពង្រីកភាពខ្លាំងរបស់ពួកគេលើក្រុមលេខ២Liverpool ដល់ទៅ១២ពិន្ទុ ហើយជាមួយនឹងការប្រកួតកាលពីយប់ថ្ងៃអាទិត្យធ្វើឲ្យក្រុមហង្សក្រហមមានគម្លាតតែ៦ពិន្ទុប៉ុណ្ណោះ ។ការប្រកួតនោះក្រុមម្ចាស់ផ្ទះ Burnley បានសម្រុកនៅតង់ទី១ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានទៅលើក្រុមភ្ញៀវ Liverpool ផ្ទុយទៅវិញខ្សែបម្រើFabinho បានស៊ុតបញ្ចូលទីនាំមុខ១គ្រាប់ដែលជាគ្រាប់ជ័យជម្នះនៅនាទីទី៤០។ វាជាគ្រាប់បាល់ទី៥របស់កីឡាករប្រេស៊ីលរូបនេះចាប់តាំងពីបើករដូវកាលមក។ក្រុម Burnley បន្តវាយសម្រុកនៅក្នុងតង់ទីពីរ ប៉ុន្តែកីឡាករ Liverpool បានព្យាយាមបិទ និងអ្នកចាំទី Alisson បានជួយសង្គ្រោះបាល់បាន ហើយអ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះបានធ្វើការសង្គ្រោះជាច្រើនក្នុងការប្រកួតលីកផ្សេងទៀតនៅរដូវកាលនេះ។លោក Klopp បាននិយាយថា “វាពិតជាលំបាកណាស់ក្នុងការលេងនៅទីនេះ ប៉ុន្តែថ្ងៃនេះជាពិសេសដោយសារតែកាលៈទេសៈ។ គូប្រកួតត្រូវលេងយ៉ាងអស្ចារ្យដើម្បីចង់បានលទ្ធផលល្អ។ Burnley មានពេលវេលារបស់ពួកគេ ប៉ុន្តែអ្នកចាំទី Alisson ធ្វើបានល្អ។ ការប្រកួតបន្ទាប់គឺ Leeds ដែលកំពុងប្រយុទ្ធដើម្បីការមានកៅអីលេងនៅលីកកំពូលរដូវកាលក្រោយ ទាំងនេះពិតជាពិបាក ហើយនោះជាមូលហេតុដែលយើងមិនគិតអំពីវា (ការប្រណាំងដណ្តើមពាន)”។
Burnley នៅតែឈរនៅបាតតារាងដោយមាន១៤ពិន្ទុដែលឥឡូវនេះមាន៧ពិន្ទុពីសុវត្ថិភាព បន្ទាប់ពីក្រុម Newcastle ចំណាត់ថ្នាក់លេខ១៧បានយកឈ្នះ Aston Villa នៅ St James’ Park។ ការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Kieran Trippier គឺគ្រប់គ្រាន់សម្រាប់ក្រុមរបស់លោក Eddie Howe ដើម្បីទទួលបានជ័យជម្នះក្នុងលីក៣ប្រកួតជាប់ៗគ្នា៕ (រូបភាព ៖ BBC Sport)