ត្រឹមព្រឹកថ្ងៃចន្ទ ទី១៤ កុម្ភៈនេះ ប្រទេសចំនួន៦រួមមាន ន័រវេស, អាល្លឺម៉ង់, អាមេរិក, ហុល្លង់, ស៊ុយអែត និងអូទ្រីសកំពុងឈរនៅលើកំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២២។ ចំណែកម្ចាស់ផ្ទះចិនបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៨ឯណោះ។
ប្រទេសន័រវេសកំពុងនាំមុខគេទទួលបានមេដាយមាស៩គ្រឿង, អាល្លឺម៉ង់ឈរលេខ២ទទួលបានមេដាយមាស៨គ្រឿង, អាមេរិកឈរលេខ៣ទទួលបានមេដាយមាស៦គ្រឿង, ហុល្លង់ឈរលេខ៤ ទទួលបានមេដាយមាស៦គ្រឿង, ស៊ុយអែតឈរលេខ៥ទទួលបានមេដាយមាស៥គ្រឿង, អូទ្រីសទទួលបានមេដាយមាស៤គ្រឿង និងរុស្ស៊ីទទួលបានមេដាយមាស៤គ្រឿងដូចគ្នានឹងម្ចាស់ផ្ទះចិនដែរមាន៤គ្រឿង។ចំណែកម្ចាស់ផ្ទះចិន, ស៊្វីស, បារាំង, និងអ៊ីតាលីកំពុងតាមពីក្រោយដោយឈរចំណាត់ថ្នាក់បន្តបន្ទាប់គិតត្រឹមការប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដែលបានចាប់ផ្តើមប្រកួតរយៈពេល១០ថ្ងៃមកនេះ។ន័រវេសដែលកំពុងឈរលើគេបណ្តោះអាសន្នមានមេដាយមាស៩គ្រឿង, ប្រាក់៥គ្រឿង, សំរិទ្ធិ៧គ្រឿង, លេខ២អាល្លឺម៉ង់មានមេដាយមាស៨គ្រឿង, ប្រាក់៥គ្រឿង, សំរិទ្ធិ១គ្រឿង, លេខ៣អាមេរិកមានមេដាយមាស៦គ្រឿង, ប្រាក់៥គ្រឿង, សំរិទ្ធិ១គ្រឿង។ ចំណែកលេខ៤ ហុល្លង់មានមេដាយមាស៦គ្រឿង, ប្រាក់៤គ្រឿង, សំរិទ្ធិ២គ្រឿង, ស៊ុយអែតឈរលេខ៥មានមេដាយមាស៥គ្រឿង, ប្រាក់៣គ្រឿង, សំរិទ្ធិ៣គ្រឿង ខណៈដែលអូទ្រីសឈរលេខ៦ បានឈ្នះមេដាយមាស៤គ្រឿង, ប្រាក់៦ សរុប៤គ្រឿង ។រីឯថ្នាក់លេខ៧បណ្តោះអាសន្នបានទៅរុស្ស៊ីឈ្នះមេដាយមាស៤គ្រឿង, ប្រាក់៥គ្រឿង និងសំរិទ្ធិ៨គ្រឿង ខណៈម្ចាស់ផ្ទះចិនបានឈរចំណាត់ថ្នាក់លេខ៨ ដោយឈ្នះមេដាយមាស៤គ្រឿង, ប្រាក់៣គ្រឿង និងសំរិទ្ធិ២គ្រឿង សរុប៩គ្រឿង។ដោយឡែកប្រទេសនៅតំបន់អាស៊ានមិនទាន់មានប្រទេសណាមួយទទួលបានមេដាយនៅឡើយទេ។
គិតត្រឹមថ្ងៃទី១៤ កុម្ភៈនេះ មានតែន័រវេសមួយគត់កំពុងនាំមុខគេ ជាប្រទេសដែលដណ្តើមបានមេដាយសរុបច្រើនជាងគេរហូតដល់២១គ្រឿង ខណៈដែលរុស្ស៊ីឈរលេខ២មាន១៧គ្រឿង រីឯអាល្លឺម៉ង់ និងកាណាដាឈរលេខ៣ ទទួលបានមេដាយសរុប១៤គ្រឿងដូចគ្នា៕ (រូបភាព ៖ Olympics.com)