ភ្នំពេញ៖ ក្នុងគោលដៅធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខារាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តភារកិច្ចត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញតាមទីផ្សារស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រភពដដែលបន្តថា យោងតាមការត្រួតពិនិត្យជាក់ស្តែងរបស់មន្ត្រីជំនាញ បានធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់ផ្សេងៗលើ់ទំនិញចំនួន៧គំរូ រួមមានទំនិញហូបចុក និងអាល់កុល ដែលជាលទ្ធផលពុំបានរកឃើញវត្តមានសារធាតុគីមីលើទំនិញហូបចុក និងពុំមានអាល់កុលក្លែងក្លាយចរាចរលក់នោះទេ។
មន្ត្រីជំនាញ បានត្រួតពិនិត្យឃើញ និងដកហូតទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់លើទីផ្សារសរុបចំនួន ១៩៥.២៣ គីទ្បូក្រាម ។ ដោយឡែកចំពោះអាជីវករដែលដាក់លក់ទំនិញមិនអនុលោមទាំងនោះ យល់ព្រមទទួលពិន័យអន្តរការណ៍ពីមន្ត្រីជំនាញផងដែរ៕ដោយ៖សហការី