លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី នៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត វីវៀន បាឡាគីហ្សូណាន់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២. សំដៅលើកកម្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលទស្សនកិច្ច លោកបណ្ឌិត វីវៀន បាឡាគ្រីស្តូណាន់ បានចូលជួបសម្តែង ការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកបណ្ឌិត វីវៀន បាឡាគ្រីស្តូណាន់ បានជួបប្រជុំទ្វេភាគី ដែលក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរដែលមានស្រាប់រវាងកម្ពុជា និងសិង្ហបុរី និងបានពិភាក្សាអំពីវីធីសាស្ត និងមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងពហុវិស័យ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានកត់ សម្គាល់ដោយការពេញចិត្តចំពោះភាពវិជ្ជមាន និងកំណើនក្នុងពាណិជ្ជកម្មទ្វេភាគី បើទោះបីជាមាន ការប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ក្តី។ ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាននេះ រដ្ឋមន្ត្រី ទាំងពីរបានឯកភាពជំរុញក្រសួង និងស្ថាប័នពាក់ព័ន្ធនានាឱ្យខិតខំប្រឹងប្រែងទ្វេដង ដើម្បីលើក កម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើ ១) បង្កើនការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅ កាន់សិង្ហបុរី ២) រៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និង ៣) អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា(DTK) ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពេលទទួលស្គាល់អំពីវត្តមានដ៏មានសារសំខាន់នៃការ វិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ទីបួនក្នុងសកម្មភាពវិនិយោគឆ្នាំ២០២១ បានលើកទឹកចិត្តឱ្យមានការវិនិយោគរបស់សិង្ហបុរីច្រើនថែមទៀត ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល និងបៃតង កសិ-ឧស្សាហកម្ម ដែលផ្តល់នូវការលើកទឹកចិត្តថ្មី និងសម្បូរបែប ដោយច្បាប់វិនិយោគថ្មីរបស់កម្ពុជា។

អំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ លោក ប្រាក់ សុខុន បានសម្តែងនូវ អំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានផ្ដល់សម្ភារៈវេជ្ជសាស្ត្រផ្សេងៗ ក៏ដូចជាការយកចិត្ត ទុកដាក់ចំពោះពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសសិង្ហបុរី តាមរយៈការ អនុញ្ញាតឱ្យពួកគេទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដោយមានប្រសាសន៍ថា ពលរដ្ឋសិង្ហបុរី ក៏បានទទួលការយកចិត្តទុកដាក់ដូចគ្នានៅកម្ពុជា ផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបជូន សមភាគីថា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបើកប្រទេសឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បាន ដាក់ចេញនូវយុទ្ធសាស្ត្ររស់នៅតាមគន្លងប្រក្រតីថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ឆ្នាំ២០២១-២០២៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ចេញផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទទួលទេសចរវ៉ាក់សាំង និងវិធីសាស្ត្រគោលនយោបាយ ដើម្បីជំរុញទេសចរក្នុងប្រទេស ឆ្នាំ ២០២១-២០២៣ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ផងដែរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃវិស័យទេសចរណ៍ និងកិច្ច សហប្រតិបត្តិការក្នុងការទទួលស្គាល់វិញ្ញាបនបត្រវ៉ាក់សាំងរវាងប្រទេសទាំងពីរ ផងដែរ។ ភាគីទាំង ពីរមានសេចក្តីសោមនស្សដោយបានកត់សម្គាល់ឃើញថា នៅតែមានជើងហោះហើរមួយចំនួនកំពុង ធ្វើប្រតិបត្តិការទៅមកកម្ពុជា និងសិង្ហបុរី បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ដោយសារតែភាគរយខ្ពស់នៃចំនួនប្រជាជនដែលបានទទួលវ៉ាក់សាំងនៅក្នុងប្រទេសទាំងពីរ និងការ គ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

សម្រាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស លោកឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់សិង្ហបុរី ក្នុងការកសាងសមត្ថភាពដល់មន្តី រាជការកម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម។ លោក បានស្នើឱ្យប្រទេស សិង្ហបុរីពិចារណាផ្តល់អាហារូបករណ៍បន្ថែមទៀត ជាពិសេសក្រោមកម្មវិធីបណ្តុះបណ្តាលគ្រូ (Education Training the Trainers Program) បណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ និងអាហារូបករណ៍ អាស៊ាន ផ្នែកវិស្វកម្មថែរក្សាយន្តហោះ និងការគ្រប់គ្រងអាកាសចរស៊ីវិល។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ

នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបណ្ឌិត្យសភាការទូតនៃប្រទេស សិង្ហបុរី។
ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិ តាមរយៈការផ្លាស់ប្ដូរមន្ត្រីយោធា និងមន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា និងសិង្ហបុរី។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរីដែលបានផ្តល់ជំនួយក្នុងការ អភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពដល់មន្ត្រីនគរបាលជាតិរបស់កម្ពុជា។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គា្នលើបញ្ហានានាពាក់ព័ន្ធនឹង អាស៊ាន និងបានរំលឹកឡើងវិញនូវកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ នាពេលថ្មីៗនេះរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រី Lee Hsien Loong នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ លោកបណ្ឌិត វីវៀន បាឡាគីស្តូណាន់ បានបញ្ជាក់ ជាថ្មីនូវការគាំទ្ររបស់ប្រទេសសិង្ហបុរី សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ និងបានអបអរសាទរ និងគាំទ្រយ៉ាងកក់ក្តៅចំពោះលោក ប្រាក់ សុខុន សម្រាប់តួនាទីជាប្រេសិត ពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។

ចំពោះកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គា្នលើ បញ្ហានានាដែលជាផលប្រយោជន៍ និងការព្រួយបារម្ភរួម និងបានសម្តែងនូវការគាំទ្រគ្នាទៅវិញទៅមក យ៉ាងពេញទំហឹងនៅក្នុងវេទិកាពហុភាគីនានា រួមទាំងនៅក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។

លោកបណ្ឌិត វីវៀន បាឡាគីហ្សូណាន់ ក៏មានជំនួបដាច់ដោយឡែកពីគ្នាជាមួយ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាកម្ពុជា ផងដែរ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print