លោក ហ៊ុន ម៉ា​ណែ​ត៖ ក្នុង​សង្គ្រាម​កូ​វីដ​-១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រក្សា​នូវ​លំនឹង​ពី​ហានិភ័យ​នៃ​វិនាសកម្ម​បង្កដោយ​ជំងឺ​នេះ!

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បានថ្លែង​​បញ្ជាក់នៅ​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​យុវជន​គណបក្ស​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​។យ៉ាងដូច្នេះ​ថា៖ ក្នុង​សង្គ្រាម​កូ​វីដ​-១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រក្សា​នូវ​លំនឹង​ពី​ហានិភ័យ​នៃ​វិនាសកម្ម​បង្កដោយ​ជំងឺ​នេះ តាមរយៈការសម្រេច​រៀបចំ​មូលដ្ឋាន​នៃ​ការព្យាបាល​រឹងមាំ រួមមាន​ ការបើក​ដំណើរការ​មណ្ឌល ព្យាបាល​ទាំង​ថ្នាក់មូលដ្ឋាន និង​ថ្នាក់​តំបន់​នៅ​ទូទាំងប្រទេស ការសម្រេចចិត្ត​រហ័ស​ទាន់ពេលវេលា​ក្នុងការ​ជ្រើស​រើសយក​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ការសម្រេច​អនុញ្ញាតឱ្យ​ព្យាបាល​តាម​ផ្ទះ ដោយមាន​ការចូលរួម​ពិចារណា ពិគ្រោះ​យោបល់ និង​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​ត្រឹមត្រូវ​របស់​ក្រុមបច្ចេកទេស​ជំនាញ​នៃ​ក្រសួងសុខាភិបាល និង​ភាគី​ពាក់ព័ន្ធ​នានា​។​​

​លោក​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា បានថ្លែង​បន្តថា​ ចំណាត់ការ​ដ៏​ស័ក្តិសិទ្ធិ និង​ប្រកបដោយ​ភាព​ហ្មត់ចត់​នេះ បានធ្វើ​ឲ្យ​គ្រប់គ្រង​បាន​អត្រា​អ្នក​ឆ្លង​ទាប ហើយក៏​មិនមាន​ករណី​ស្លាប់​ថ្មី​ទៀត​ទេ​គិត​ត្រឹម​ថ្ងៃនេះ​។ ការនេះ​បាន​ជួយ​ឱ្យ​កម្ពុជា​ឈានទៅ​បើក​ប្រទេស​ទ្បើង​វិញ​លើ​គ្រប់​វិស័យ ដែលជា​ការធានាបាន​នូវ​តុល្យភាព​នៃ​សុខភាព សុខមាលភាព​ប្រជាពលរដ្ឋ និង​ដំណើរការ​ជា​ប្រក្រតី​នៃ​ចរន្ត​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ទាំងមូល​។ យ៉ាងណាក៏ដោយ សម្តេច ក៏បាន​អំពាវនាវ​ឱ្យ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​វិធានការ “៣​ការពារ និង​៣​កុំ​” ក៏ដូចជា​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេងទៀត​ឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ការចូលរួម​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ​ទី​៣ និង​ទី​៤ ឱ្យបាន​គ្រប់ៗ​គ្នា​សំដៅ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ថ្មីៗ​។

​លោក​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​បញ្ជាក់បន្ថែមទៀតថា គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោជា​ប្រមុខ រួម​ជាមួយនឹង​ឥស្សរជន​ទាំងអស់ បានកំណត់​យក​ការសង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ជា​កត្តា​អាទិភាព​ខ្ពស់បំផុត ដូច​ស្តែងឡើង​តាមរយៈ​គំរូ​វីរភាព​ក្នុងដំណាក់កាល​សំខាន់ៗ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា រួមមាន​ជាអាទិ៍​ការយក​អាយុជីវិត​ធ្វើជា​ដើមទុន​ក្នុង​ការរំដោះ​ពី​ការសម្លាប់​រង្គាល​របស់​របប​ប៉ុលពត ការ​ប្តូរជីវិត​ចូល​តំបន់​ឧទ្ទាម​ដើម្បី​អនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព​ពស​ពេញ​ផ្ទៃ​ប្រទេស និង​ថ្មីៗ​នេះ គឺ​ការសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ចេញពី​មាត់​មច្ចុរាជ​កូ​វីដ​-១៩ ដោយ​មិនមាន​ការរើសអើង និង​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​ទ្បើ​យ ដែល​ផ្ទុយ​ពី​អ្នកនយោបាយ​ជ្រុលនិយម​មួយចំនួន តែងតែ​ចិញ្ចឹមចិត្ត​រង់ចាំតែ​រក​ចន្លោះ​ដើម្បី​កេងចំណេញ​ម​ហិ​ច្ឆិ​តា​នយោបាយ​របស់ខ្លួន ដោយ​មិន​ខ្វល់​ពី​សុខទុក្ខ និង​ការស្លាប់​រស់​របស់​ប្រជាពលរដ្ឋ​ឡើយ​៕ដោយ​៖សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print