«ខ្លាមិនស៊ីកូនឯង» គឺជាពាក្យសំដៅទៅលើសត្វតិរច្ឆានដែលទោះជាសាហាវប៉ុនណា កាចប៉ុនណាក៏មិនស៊ីឬសម្លាប់កូនរបស់ខ្លួនឯងនោះដែរ។ ប៉ុន្តែករណីបុរសជនជាតិវៀតណាមម្នាក់នេះពេលខឹងប្រពន្ធដោយសង្ស័យថាប្រពន្ធមានសហាយក៏ដាច់ចិត្តយកកូនអាយុ៥ឆ្នាំដែលកំពុងតែពេញស្រឡាញ់របស់ឪពុកម្តាយគ្រប់រូបទៅបោះចោលនៅក្នុងទន្លេ។ នេះគឺជារឿងព្រៃផ្សៃបំផុតក្នុងសង្គមមនុស្សជាតិនាសម័យបច្ចេកវិទ្យាភាវូបនីយកម្ម។ មនុស្សធំឈ្លោះគ្នាទៅសម្លាប់ក្មេងមិនដឹងអីគឺជារឿងសង្គមស្អប់ខ្ពើមយ៉ាងខ្លាំង ជារឿងសាហាវជាសត្វតិរច្ឆានទៅទៀត ។
តាមការលើកឡើងរបស់មេធាវី បញ្ជាក់ថា ឪពុកចិត្តតិរច្ឆានដែលបោះកូនចូលក្នុងទន្លេស្ថិតនៅក្នុងខេត្តក្វាងណាម អាចនឹងត្រូវកាត់ទោសប្រហារជីវិត។ នៅព្រឹកថ្ងៃទី១៩ខែកុម្ភៈ ថ្នាក់ដឹកនាំប៉ូលិសនៅក្នុងខេត្តក្វាងណាមបានបើកការស្រាវជ្រាវករណីសម្លាប់មនុស្ស ចំពោះលោក ត្រឹង វុាំង វៀង អាយុ៣០ឆ្នាំ រស់នៅក្នុងឃុំតាមហៃ ស្រុកណូយថាញ ខេត្តក្វាងណាម ។ ជនដៃដល់ជាឪពុកបានបោះកូនស្រីចូលក្នុងទឹកទន្លេ ត្រឿងយ៉ាងបណ្តាលឱ្យស្លាប់។
បុរសជាឪពុកឃោរឃៅ មិនធ្លាប់មានបទល្មើស មិនធ្លាប់មានបញ្ហាសរសៃប្រសាទ ឬប្រើប្រាស់គ្រឿងញៀនឡើយ…។ តាមច្បាប់ ជំពូកទីមួយ មាត្រាទី១២៣ កែទម្រង់ថ្មីនៅឆ្នាំ២០១៥ និងបំពេញបន្ថែមនៅឆ្នាំ២០១៧ បុរសបោះកូនចូលទន្លេ ដោយសារតែវិវាទ គ្រួសារ ប្រចណ្ឌប្រពន្ធអាចត្រូវជាប់ គុកពី១២-២០ឆ្នាំ ឬជាប់គុកអស់មួយជីវិត និងទោសប្រហារជីវិត។
តាមចម្លើយសារភាពរបស់ឪពុកចិត្តតិរច្ឆានបោះកូនចូលក្នុងទន្លេ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ភ្នាក់ងារប៉ូលិសស៊ើបអង្កេតប្រចាំខេត្ត Quang Nam បានឱ្យដឹងថា ពួកគេកំពុងបន្តសួរចម្លើយជនដៃដល់ជាឪពុក ដែលបានធ្វើការបោះកូនស្រីបង្កើតអាយុត្រឹម៥ឆ្នាំរបស់ខ្លួនចូលក្នុងទឹកទន្លេទាំងមិនញញើតដៃនោះ។
តាមការសាកសួរដំបូងៗ ជនដៃដល់បាននិយាយថា រូបគេបានសង្ស័យប្រពន្ធថាលួចផិតក្បត់មានសហាយ ហើយមកដល់ម៉ោងប្រមាណ៧ និង ៣០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ លោកក៏បានទៅផ្ទះរបស់ម្ដាយក្មេកក្នុងភូមិស្រុកជាមួយគ្នាហ្នឹង ដើម្បីនិយាយជាមួយម្ដាយក្មេកពីបញ្ហារបស់ក្រុមគ្រួសារខ្លួនមួយនេះ។ ក្រោយមក ដោយការខឹងសម្បាខ្លួនក៏ចាប់ផ្ដើមមានបំណងចង់សម្លាប់កូនរបស់ខ្លួន ដូច្នេះហើយទើបរូបខ្លួនបានលើកពកូនដែលនៅផ្ទះម្ដាយក្មេកនោះ ដើរចេញទៅកំពង់ទឹកនៅទន្លេ រួចក៏បោះកូនចូលក្នុងទន្លេតែម្ដង។
អ្វីដែលធ្វើឱ្យមហាជនរឹតតែញ័រសាច់ខ្លាំងជាងនេះទៀតនោះគឺជនដៃដល់សារភាពទៀតថា ការសម្រេចចិត្តសម្លាប់កូនខ្លួនឯងនេះ គឺក្នុងបំណងសងសឹកជាមួយប្រពន្ធដែលលោកទូរស័ព្ទទៅមិនព្រមលើក។
គួរឱ្យដឹងដែរថា ក្រោយបោះកូនចូលទន្លេហើយ ជនដៃដល់ក៏បានវិលត្រឡប់មកផ្ទះវិញ ធ្វើការនិយាយលាគ្នាជាមួយម្ដាយ ហើយក៏សារភាពថា ខ្លួនបានសម្លាប់កូនស្រីហើយ៕ ដោយសាធី