ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវ បានបង្ហាញថាបានរកឃើញសំបុកសត្វកុកពាក់អំបោះនៅដែនជម្រកសត្វព្រៃលំផាត់ មានចំនួន ៨ សំបុក ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាល។ លទ្ធផលស្រាវជ្រាវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ដោយអង្គការ Bird Life In Cambodia និងបានបញ្ជាក់ថាក្នុងឆ្នាំ២០២១ កូនសត្វដែលញាស់បានជោគជ័យ ជាចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងរដូវបន្តពូជមុនៗ។
លទ្ធផលពងកូនសត្វកុកពាក់អំបោះ នៅដែនជម្រកសត្វព្រៃលំផាត់ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តរតនគីរី និងមណ្ឌលគីរី រយះពេល៥ឆ្នាំចុងក្រោយ ដោយចាប់ផ្តើមកត់ត្រាសំបុករបស់កុកពាក់អំបោះលើកដំបូងនៅឆ្នាំ ២០១៧ ហើយនៅពេលនោះបានកត់ត្រាបាន ៨ សំបុក និងកូនញាស់ជោគជ័យបានត្រឹមតែ ៥ក្បាល។
សូមបញ្ជាក់ថា កុកពាក់អំបោះត្រូវបានចាត់ចូលក្នុងបញ្ជីរក្រហមពិភពលោក IUCN ជាប្រភេទជិតរងការគម្រាមកំហែង ហើយចំនួនរបស់វានៅលើពិភពលោកកំពុងមានការធ្លាក់ចុះ។
បក្សីប្រភេទនេះត្រូវបានរកឃើញបន្តពូជជារៀងរាល់ឆ្នាំនៅដែនជម្រកសត្វព្រៃលំផាត់។ រដូវបន្តពូជរបស់បក្សី គឺចាប់បីខែ កក្កដា រហូតដល់ខែធ្នូ ហើយពួកវាចូលចិត្តធ្វើសំបុកលើដើមឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។ នៅក្នុងរដូវបន្តពូជឆ្នាំ ២០២១ នេះ សំបុកសត្វកុកពាក់អំបោះចំនួន ៩ សំបុកត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វព្រៃលំផាត់ដោយក្រុមការងាររបស់យើង។ សំបុកសត្វទាំងអស់ត្រូវបានតាមដានពីការវិវឌ្ឍន៍របស់វា និងការពារពីការរំខាននានា។
សត្វកុកពាក់អំបោះកំពុងត្រូវបានគំរាមកំហែងដោយកត្តាមួយចំនួនដូចជា ការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រក៕
ដោយ៖ស តារា