ខ្សែប្រយុទ្ធចំណូលថ្មី Pierre-Emerick Aubameyang បានស៊ុតបញ្ចូលទីគ្រាប់ដំបូងឲ្យ Barcelona ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈដែលពួកគេបានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេនៅក្នុង La Ligaដល់ទៅ៩ប្រកួតជាមួយនឹងជ័យជម្នះលើក្រុម Valencia ក្នុងលទ្ធផល ៤ទល់១។
នៅតង់ទី១ Aubameyang ដែលបានចូលរួមពី Arsenal កាលពីថ្ងៃទី២ ខែកុម្ភៈ បានរកបានគ្រាប់បាល់ទី១ នៅនាទីទី២៣ក្នុងការចាប់ផ្តើម La Ligaជាលើកដំបូងរបស់គេ។ គ្រាប់ទី២រកបានដោយកីឡាករ Frenkie de Jong បានស៊ុតបញ្ចូលទីនៅនាទីទី៣២ ហើយ Aubameyang បានរកគ្រាប់ទី៣ នៅនាទីទី៣៨។ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Valencia បានរកគ្រាប់បាល់១គ្រាប់សងវិញដោយកីឡាករ Carlos Soler នៅនាទីទី៥២ ហើយនៅនាទីទី៦៣ ខ្សែប្រយុទ្ធ Aubameyang ដដែលរកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Barcelona ឈ្នះក្រុមម្ចាស់ផ្ទះ Valencia ក្នុងលទ្ធផល៤ទល់១។នេះជាគ្រាប់បាល់៣គ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang ពេលដែលគាត់ផ្ទេរមកក្លិប Barcelona ពីក្លិបកាំភ្លើងធំ Arsenal កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ ៣គ្រាប់របស់កីឡាកររូបនេះបានជួយឲ្យក្រុម Barcelona ទទួលបាន៣ពិន្ទុបន្ថែមទៀតនៅ La Ligaដែលធ្វើឲ្យក្រុមនេះឈរលេខ៤នៅលីកកំពូលអេស្ប៉ាញមាន៤២ពិន្ទ ក្នុង២៤ប្រកួត ដោយចាញ់ក្រុមលេខ១ Real Madrid រហូតដល់១៥ពិន្ទុឯណោះ។
ក្រុម Barcelona ក្រោយពីទទួលបានជ័យជម្នះនៅពេលនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Napoli នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខសម្រាប់ការជម្រុះ Europa League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ ៕ (រូបភាព ៖ BBC Sport)