សមាគមបាល់ទាត់អង់គ្លេស (FA) កំពុងស៊ើបអង្កេតបន្ទាប់ពីកីឡាករ Anthony Elanga របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេគប់ដោយវត្ថុរឹងមួយដែលបានបោះចេញពីហ្វូងមនុស្សក្នុងជ័យជម្នះនៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យនៅលើទឹកដីក្រុមLeeds United ។
Elanga មានវ័យ១៩ឆ្នាំត្រូវបានវាយប្រហារដោយវត្ថុរឹងជាកាំជ្រួច ខណៈដែលក្រុមភ្ញៀវអបអរគ្រាប់បាល់នៅនាទីទី៧០របស់ខ្សែបម្រើ Fred ក្នុងជ័យជម្នះ ៤-២ នៅកីឡដ្ឋាន Elland Road។ ក្នុងនោះក៏មានការស្រែកច្រៀងមិនពិរោះជាច្រើនពីក្រុមអ្នកគាំទ្រទាំង២ផងដែរ។ ប៉ូលីសតំបន់ West Yorkshire បាននិយាយថា ការចាប់ខ្លួនចំនួន៩នាក់ត្រូវបានធ្វើឡើងសម្រាប់បទល្មើសដែលរួមមានការបាញ់កាំជ្រួចជាដើម។ក្លិប Leeds បានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេកំពុងពិនិត្យមើលវីដេអូដើម្បីកំណត់អត្តសញ្ញាណអ្នកដែលបង្កបញ្ហា ហើយនឹងដាក់បម្រាមពេញមួយជីវិតលើអ្នកគាំទ្រដែលបានរកឃើញថា បានគប់វត្ថុរឹងទៅកាន់ទីលាន។ខណៈដែលមិនមានបញ្ហាធ្ងន់ធ្ងរ និងមិនមានការរងរបួសណាមួយត្រូវបានរាយការណ៍ទៅអ្នកលេង ឬអ្នកគាំទ្រណាមួយ ប៉ូលិសបាននិយាយថា បទល្មើសរួមទាំងសណ្តាប់ធ្នាប់សាធារណៈ ការគប់កាំជ្រួច និងការបំពានលើការហាមឃាត់បានកើតឡើង។ ក្រុមអ្នកគាំទ្រក្រៅដីចំនួន៧០នាក់បានមកទស្សនានៅកីឡដ្ឋានក្រុម Leeds ដោយគ្មានសំបុត្រ ហើយត្រូវបានចេញពីកីឡដ្ឋានដោយមានការជូនដំណឹងមុនពេលការប្រកួត។នៅក្នុងការប្រកួតលីកដំបូងនៅចំពោះមុខអ្នកគាំទ្ររវាងគូប្រជែងចាស់ទាំង២នៅកីឡដ្ឋាន Elland Road ចាប់តាំងពីខែតុលា ឆ្នាំ២០០៣មកកីឡាករ Elanga បានស៊ុតបញ្ចូលទីគ្រាប់ទី៤ដោយនៅសល់រយៈពេល២នាទីទៀតចប់ការប្រកួតដើម្បីបញ្ជាក់ពីជ័យជំនះសម្រាប់ក្រុមរបស់លោក Ralf Rangnick ។ការចាប់ខ្លួននៅពេលប្រកួតបាល់ទាត់នៅទូទាំងលីកកំពូលទាំង៥របស់អង់គ្លេសគឺស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងអ្នកគាំទ្រ “កាន់តែអាក្រក់ទៅៗ”។ នេះបើយោងតាមការឲ្យដឹងរបស់ប៉ូលីសបាល់ទាត់របស់ចក្រភពអង់គ្លេស។ មានការចាប់ខ្លួនទាក់ទងនឹងកីឡាបាល់ទាត់ជាង៨០០នាក់ក្នុងរយៈពេល៦ខែដំបូងនៃរដូវកាលនេះ ហើយច្រើនជាង៧៥០ករណីបានរាយការណ៍ពីឧប្បត្តិហេតុនៃហិង្សានេះ។
របាយការណ៍ថ្មីៗគឺបានបង្ហាញពីអំពើហិង្សាចុងក្រោយក្នុងព្រឹត្តិការណ៍Euro 2020 ដែលបានរកឃើញថា អ្នកចូលទស្សនាមួយចំនួនគ្មានសំបុត្រ,ស្រវឹង និងគ្រឿងញៀនដែលអាចបណ្តាលឱ្យពួកគេវាយលុកចូលកីឡដ្ឋាន Wembley។ ជាមួយគ្នានេះក្របខ័ណ្ឌPremier League និង English Football League បានស្នើឱ្យក្លិបផ្តល់យោបល់អំពីវិធីដោះស្រាយអាកប្បកិរិយាប្រឆាំងនឹងការរើសអើងសង្គមផងដែរ ៕ (រូបភាព ៖ BBC Sport)