តាមសារព័ត៌មាន Capital Economics បានផ្សាយថាសេដ្ឋកិច្ចរុស្ស៊ីនាពេលនេះអាចឈររឹងមាំជាងពេលមុន ដែលអាចទប់ទល់ជាមួយការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចបានយ៉ាងល្អ។
សហគមន៍អឺរ៉ុប អាមេរិក អង់គ្លេស នៅថ្ងៃទី២២ខែកុម្ភៈ បានប្រកាសវិធានការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ីក្រោយពី រដ្ឋាភិបាលទីក្រុងមូស្គូបានសម្រេចទទួលស្គាល់តំបន់ឯករាជ្យនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ នៅក្នុងបញ្ជីដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី គឺបណ្តាធនាគារមិនអាចធ្វើពាណិជ្ជកម្មអន្តរជាតិបានឡើយ។
ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្សាយថា សហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាហើយចំពោះការដាក់ទណ្ឌកម្មថ្មីៗទៅលើប្រទេសរុស្ស៊ី ក្នុងនោះមានដូចជាការកត់ឈ្មោះអ្នកនយោបាយ សមាជិកសភា និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ីជាច្រើនរូបទៀត ចូលទៅក្នុងបញ្ជីខ្មៅ, ហាមឃាត់វិនិយោគិន EU មិនឱ្យធ្វើជំនួញជាមួយរុស្ស៊ី ព្រមទាំងដាក់ទណ្ឌកម្មផ្សេងៗទៀតដែលមានគោលដៅលើវិស័យនាំចូល និងនាំចេញរវាងក្រុមហ៊ុននៅក្នុងតំបន់ផ្តាច់ខ្លួនទាំងពីរនៅភាគខាងកើតអ៊ុយក្រែនផងដែរ។
លោក Josep Borrell ប្រធានគោលនយោបាយនៃសហភាពអឺរ៉ុប បានថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការបរទេស EU ក្នុងទីក្រុងប៉ារីសប្រទេសបារាំង នៅថ្ងៃ២៣ខែកុម្ភៈថា សហភាពនេះបានជ្រើសរើសមិនដាក់ទណ្ឌកម្មដោយផ្ទាល់ទៅលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នោះឡើយ។ លោក Borrell បានគូសបញ្ជាក់ថា ការទទួលស្គាល់ជាផ្លូវការចំពោះតំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែនចំនួន២ គឺ Donetsk និង Luhansk ជារដ្ឋឯករាជ្យនោះ គឺជាការរំលោភលើអធិបតេយ្យភាពអ៊ុយក្រែនដែលមិនអាចទទួលយកបានជាដាច់ខាត។
លោក Josep Borrell បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថា «កញ្ចប់ទណ្ឌកម្មថ្មីដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដោយរដ្ឋជាសមាជិក EU នៅពេលនេះ នឹងធ្វើឱ្យរុស្ស៊ីឈឺចាប់… ហើយវានឹងធ្វើឱ្យមានសម្ពាធខ្លាំង (លើរុស្ស៊ី)»។ សម្រាប់ការសម្រេចចិត្តមិនដាក់ទណ្ឌកម្មដោយផ្ទាល់លើប្រធានាធីបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីននោះ គឺមិនមានការបកស្រាយអំពីមូលហេតុនោះឡើយ។
តើទណ្ឌកម្មទាំងអស់ខាងលើនេះ នឹងត្រូវចូលជាធរមាននៅពេលណាឡើយ ប៉ុន្តែក្រុមមន្ត្រី EU បានរំពឹងថា ឆាប់ៗខាងមុខនេះវានឹងត្រូវដាក់ចេញ នឹងបង្ហាញឈ្មោះបុគ្គល ដែលនឹងត្រូវរងទណ្ឌកម្មនោះជាសាធារណៈតែម្តង។ លោក Josep Borrel បានត្រឹមបង្ហើបថា បុគ្គល ២៨រូប និងក្រុមហ៊ុនមួយចំនួនទៀតនៅរុស្ស៊ី នឹងត្រូវកត់ឈ្មោះចូលក្នុងបញ្ជីទណ្ឌកម្មថ្មីរបស់ EU៕ ដោយសាធី
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមប្រឹក្សាសន្តិសុខក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ AFP/ttxvn)