សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពិនិត្យលទ្ធភាពលើបងប្អូនខ្មែរឥស្លាម ឱ្យចូលបម្រើការងារក្នុងមុខងារសាធារណៈ ហោចណាស់ ត្រឹមអភិបាលរងខេត្ត ស្រុក ឬខណ្ឌ ក្នុងខេត្តដែលមានពលរដ្ឋខ្មែរឥស្លាមច្រើន

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យពិនិត្យលទ្ធភាពលើបងប្អូនខ្មែរ-អ៊ិស្លាមដើម្បីឱ្យចូលបម្រើការងារក្នុងមុខងារសាធារណៈ យ៉ាងហោចណាស់ត្រឹមជាអភិបាលរងខេត្ត អភិបាលស្រុក ឬខណ្ឌ ប្រសិនបើនៅតាមបណ្តាខេត្តនោះមានពលរដ្ឋខ្មែរ-អ៊ិស្លាមច្រើន។ នេះបើយោងតាមប្រភពពីអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផៃ្ទ នៅព្រលប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួង-ស្ថាប័ននានា ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ដ្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់របស់ក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ។

 

   នាឱកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា កន្លងទៅ រាជរដ្ឋាភិបាលធ្លាប់បានខិតខំរៀបចំឱ្យមានមន្ត្រីដែលជាជនជាតិភាគតិចនៅតំបន់ឦសាន និងខេត្តកោះកុងដែលប្រព្រឹត្តទៅទទួលបានជោគជ័យ។ ដោយឡែកមកដល់ពេលនេះ សម្តេចតេជោស្នើដល់រដ្ឋបាលខេត្តនានាដែលមានបងប្អូនអ៊ិស្លាមរស់នៅច្រើនឱ្យយកចិត្តទុកដាក់រៀបចំយ៉ាងហោចណាស់ ត្រូវឱ្យបងប្អូនអ៊ិស្លាមដែលមានសមត្ថភាព អាចឡើងធ្វើជាអភិបាលរងខេត្ត ស្រុក ឬខណ្ឌ ហើយក្នុងនោះបើមានបុគ្គលមានសមត្ថភាពអាចធ្វើអភិបាលខេត្តតែម្តង។

   សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា បើទោះបីជាមិនមានកូតា ប៉ុន្តែជាការសម្រួលដល់ខេត្តដែលមានបងប្អូនពលរដ្ឋខ្មែរអ៊ិស្លាមច្រើន។ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានអំពាវនាវឱ្យនិស្សិតអ៊ិស្លាមត្រូវខិតខំកសាងសមត្ថភាពដើម្បីមានឱកាសទទួលបានតំណែងជាអភិបាលរង ឬអភិបាលខេត្ត ស្រុក ឬខណ្ឌ ដោយក្នុងនោះពុំមែនការផ្តល់អាទិភាពហើយបែរជាពុំមានសមត្ថភាពនោះទេ។ ជាមួយគ្នានេះសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ថា ការធ្វើបែបនេះដើម្បីងាយស្រួលក្នុងទំនាក់ទំនងបែបសហគមន៍ដែលជាផ្នែកមួយនៃសុខដុមរមនានៃប្រជាជាតិរបស់យើង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print