ខេត្តព្រះសីហនុ : ជាក្តីមោទនរបស់ជាតិកម្ពុជា ទីក្រុងព្រះស៊ីហនុ ទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ដោយបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាត សម្រាប់ឆ្នាំ២០២១ កន្លងមកនេះ។ ជាលើកឡើងពីលោក ឡុង ឌឺម៉ង់ អភិបាលរង ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ថា, តើសក្តានុពលរបស់ក្រុងព្រះសីហនុ អាចប្រជែងយកកេរ្តិ៍ឈ្មោះជាក្រុងមានអគារធំខ្ពស់ដូចពីទសវត្សរ៍ ១៩៦០ បានឬទេ?
សូមបញ្ជាក់ថា, ខេត្តព្រះសីហនុ ស្រដៀងគ្នាទៅនឹងការអភិវឌ្ឍរីកចម្រើនផ្នែកនគរូបនីយកម្មនៅរាជធានីភ្នំពេញ ដែលកំពុងប្រកួតប្រជែងគ្នាខ្លាំងក្នុងការសាងសង់សំណង់ធំៗខ្ពស់ៗគ្រប់ទីកន្លែងនៃរាជធានីបុរាណមានអាយុកាលចំណាស់កន្លះសហសវត្សរ៍មកនេះ ក្រឡេកមើលទីក្រុងព្រះសីហនុ ដែលមានអាយុកាលកន្លះសតវត្សរ៍មកដែរ ហើយក៏ធ្លាប់មានប្រវត្តិល្បីល្បាញថា ជាទីក្រុងរះឡើងថ្មី និងមានសំណង់នគរូបនីយកម្មឆើតឆាយស៊ីវិល័យដាច់គេនៅតាមតំបន់ឆ្នេរ តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មកម្ល៉េះ។
នាយុគសម័យសកលភាវូនីយកម្មនាសតវត្សរ៍ទី២១នេះទីក្រុងមាត់សមុទ្រកម្ពុជាដែលយកតាមព្រះនាមអតីតព្រះមហាក្សត្រខ្មែរ (សីហនុ) ហាក់កំពុងចាប់ផ្តើមប្រកួតប្រជែងយកកេរ្តិ៍ឈ្មោះរបស់ខ្លួនជាទីក្រុងនៅជួរមាត់សមុទ្រដែលមានសំណង់ធំខ្ពស់ដាច់គេមកវិញ។
មហាជនទូទៅកំពុងតាមដាន នឹងចោទជាសំណួរថា តើក្រុងព្រះសីហនុ មានសក្តានុពលដើម្បីស្រូបយកវិនិយោគិន ពីបរទេសមកអភិវឌ្ឍផ្នែកសំណង់នឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដូចពីទសវត្សរ៍១៩៦០ បានឬទេ?
ជាកត្តាសត្យានុម័តក្រុងព្រះសីហនុ គឺសក្តានុពលសំខាន់ៗពីធម្មជាតិ គួរជាទីមោទនៈ ដូចជាមាន៖ ល្បីរន្ទឺជាទីក្រុងមានឆ្នេរសមុទ្រស្រស់ស្អាតពីធម្មជាតិនៅទូទាំងពិភពលោក, ជាទីក្រុងមាត់សមុទ្រអមទៅដោយកោះតូចធំចំនួន ៣២កោះ, ជាទីក្រុងមាត់សមុទ្រមានប្រជាសាស្ត្រប្រមាណ២១ម៉ឺននាក់នាពេលបច្ចុប្បន្ន, ជាទីក្រុងនៃដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រោះមានកំពង់ផែសមុទ្រទឹកជ្រៅ, ជាទីក្រុងកំពង់ផែសមុទ្រ ដែលស្ថិតនៅចំចំណុចកណ្តាលនៃមហាសាគររវាងប្រទេសសេដ្ឋកិច្ចធំៗពីរគឺថៃ និងវៀតណាម, ជាទីក្រុងមាត់សមុទ្រមានព្រលានយន្តហោះអន្តរជាតិ, ជាទីក្រុងមាត់សមុទ្រដែលភ្ជាប់ទៅដោយផ្លូវជាតិ(ផ្លូវជាតិលេខ ៤) ដ៏ធំមានចំងាយតែប្រមាណ ២២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាបេះដូងប្រទេសកម្ពុជា និងមានទាំងផ្លូវដែកមួយទៀតផង (ថ្ងៃនេះមានការបើកសម្ពោធការដ្ឋានស្ថាបនាផ្លូវល្បឿនលឿន ពីភ្នំពេញ-ក្រុងព្រះសីហនុ)ថ្មីមួយទៀត, ជាទីក្រុងមាត់សមុទ្រដែលប្រជុំដោយរោងចក្រកាត់ដេរ និងរោងចក្រឧស្សាហកម្មធុនស្រាល-ធ្ងន់ចំនួន ៧៩៨រោងចក្រ-សហគ្រាស, ជាទីក្រុងមាត់សមុទ្រដែលកំពុងការរីកចម្រើនខ្លាំងផ្នែកវិស័យសំណង់ សរុបជាង ៣០០គម្រោង។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានឲ្យដឹងថា គ្រាន់តែនៅឆ្នាំ២០១៨ មានគម្រោងសំណង់មានកម្ពស់លើសពី ៤០ជាន់ឡើងលើ ចំនួន ២គម្រោង ក្នុងចំណោមគម្រោងសំណង់ដែលបានដាក់ពាក្យស្នើសុំច្បាប់សាងសង់សរុបចំនួន ៧៥គម្រោង ដែលបានចុះបញ្ជីការសាងសង់នៅក្នុងឆ្នាំ២០១៨ តែ១ឆ្នាំ។ ចំណែកតួលេខគម្រោងសំណង់សរុបនៅក្នុងខេត្តព្រះសីហនុ មានចំនួនជាង ៣០០គម្រោង៕
ដោយ : សិលា