ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញប្រកាសព័ត៌មានថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ នឹងចាប់ផ្តើមហោះហើរឡើងវិញពីទីក្រុងបាងកកមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ទីក្រុងបាងកក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២តទៅ។ នេះបើយោងតាមផេកក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
តាមការបញ្ជាក់បន្ថែមរបស់ក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិរបស់ប្រទេសថៃមួយនេះនឹងបើកការហោះហើរត្រង់២ជើងក្នុង១សប្តាហ៍។
ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនបន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេសចរអន្តរជាតិមកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប ដែលជាគោលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់បំផុតមួយរបស់កម្ពុជា។
ក្រសួងបានបន្តថា ដោយអត្រានៃការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ទូទំាងប្រទេសកម្ពុជា សម្រេចបានប្រមាណជាង៩០%នៃចំនួនប្រជាជនសរុប១៦លាននាក់ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ និងការអនុវត្តវិធានសុវត្ថិភាពបានយ៉ាងល្អ កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានបើកទទួលទេសចរអន្តរជាតិដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងករណីអ្នកដំណើរពិនិត្យឃើញអវិជ្ជមានកូវីដ-១៩ ពេលមកដល់កម្ពុជា៕