ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ចេញទស្សនៈលើបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនថា បើទោះបីជាណាតូមិនបានចូលរួមក្នុងសង្គ្រាមជាមួយរុស្ស៊ីលើទឹកដីរបស់អ៊ុយក្រែនដោយផ្ទាល់មែន ប៉ុន្តែណាតូគឺជាអ្នកគាំទ្រមួយរបស់អ៊ុយក្រែនលើសង្គ្រាមនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងខមិនថា «ណាតូមិនចូលប្រឡូកជាមួយសង្គ្រាមនេះដោយផ្ទាល់ទេតែណាតូគាំទ្រអ៊ុយក្រែន»។ នេះបើយោងតាមការរាយការណ៍បន្ថែមដោយ Moeun Chamrong Ridhisidh ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” ទទួលបាន ។
សូមបញ្ជាក់ថា, ការលើកឡើងរបស់សម្ដេចតេជោ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើបណ្តាញហ្វេសបុកផ្លូវការរបស់សម្ដេចតេជោដោយផ្ទាល់ តាមរយៈខមិនឆ្លើយតបជនរួមជាតិ។
បន្ថែមលើនេះសម្ដេចតេជោ ហ៊ុនសែន យល់ថា មិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានទេដូច្នេះការស្វែងរកដំណោះស្រាយដោយការចរចា គឺជាមធ្យោបាយដ៏ល្អបំផុតនៃសង្គ្រាមមួយនេះ។
ដូចការគិតទុករបស់សម្ដេចតេជោ នៅប៉ុន្មានម៉ោងមុននេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy យល់ព្រមបញ្ជូនប្រតិភូទៅចរចាជាមួយនឹងរុស្ស៊ីលើទឹកដីប្រទេសបេឡារុសហើយ បន្ទាប់ពីលោក Zelenskyy ជួបសន្ទនាជាមួយនឹងប្រធានាធិបតីប្រទេសបេឡារុសលោក Alexander Lukashenko ។
លោក Zelenskyy បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «លទ្ធផលនៃការសន្ទនាជាមួយ Alexander Lukashenko ។ យើងបានព្រមព្រៀងគ្នាថា គណៈប្រតិភូអ៊ុយក្រែននឹងជួបជាមួយរុស្ស៊ីដោយគ្មានលក្ខខណ្ឌជាមុននៅព្រំដែនអ៊ុយក្រែន-បេឡារុស្ស នៅតំបន់ទន្លេ Pripyat»។
នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈម្សិលមុិញនេះ សម្ព័ន្ធមិត្តណាតូបានបង្កើនការគាំទ្រនិងជំនួយបន្ថែមដល់អ៊ុយក្រែន ដែលរួមមានអាវុធប្រឆាំងរថក្រោះរាប់ពាន់គ្រាប់ កាំជ្រួចការពារអាកាសរាប់រយដើម និងអាវុធធុនតូចរាប់ពាន់គ្រាប់ និងគ្រាប់រំសេវជាច្រើនត្រូវបានបញ្ជូនទៅអ៊ុយក្រែន និងក៏កំពុងផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌រាប់លានអឺរ៉ូ រួមទាំងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនផងដែរ។
បើតាមលោក Zelenskyy ប្រធានាធិបតីបេឡារុសបានសន្យាថាយន្តហោះទាំងអស់រួមទាំងឧទ្ធម្ភាគចក្រ និងមីស៊ីលដែលដាក់នៅលើទឹកដីបេឡារុស្សនឹងគ្មានសកម្មភាពទៀតទេនៅក្នុងពេលគណៈប្រតិភូចេញដំណើរ ចរចារ និងត្រលប់មកវិញ។
ការចរចារវាងអ៊ុយក្រែននិងរុស្សីកាលពីដំបូងគ្រោងធ្វើនៅថ្ងៃសុក្រ ក៏ប៉ុន្តែទោះជាយ៉ាងណាភាគីអ៊ុយក្រែនបានបដិសេធមិនព្រមចរចាវិញ។ នៅថ្ងៃសៅរ៍ រុស្ស៊ីបានបន្ថែមសកម្មភាពយោធាបន្ថែមទៀតក្រោយពីប្រទេសអ៊ុយក្រែនបានបដិសេធ។
សូមជម្រាបជូនថា, ពិភពលោកកាន់តែគ្រោះថ្នាក់ហើយ ខណៈរុស្ស៊ីព្រមានពីការប្រើប្រាស់អាវុធបរមាណូ បន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាដល់កម្លាំងអាវុធបរមាណូត្រៀមលក្ខណៈរង់ចាំទទួលបទបញ្ជាក្នុងការវាយប្រហារទៅលើគោលដៅ ។ អាមេរិកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសកម្មភាពរបស់រុស្ស៊ី គឺជារឿងមួយដ៏គ្រោះថ្នាក់បំផុតមិនអាចទទួលយកបានឡើយ។
អ្នកឯកទេសវិភាគបានលើកឡើងថា ក្នុងពេលដែលលោកខាងលិច បាន«ទម្លាក់គ្រាប់បែកបរមាណូសេដ្ឋកិច្ច» ទៅលើប្រទេសរុស្ស៊ី ដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ធ្វើឲ្យរុស្ស៊ីប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង។ ទាំងនោះហើយរុស្ស៊ីចាំបាច់ត្រូវតែប្រើប្រាស់បរមាណូយុទ្ធសាស្ត្រដើម្បីយកឈ្នះក្នុងសង្គ្រាមមួយនេះ បើមិនដូច្នោះទេ រុស្ស៊ីនឹងត្រូវដួលរលំម្តងទៀត ហើយលើកនេះអាចធ្ងន់ធ្ងរជាងអតីតសភាពសូវៀតទៅទៀត។ ទាំងនោះហើយទើបរុស្ស៊ីចាំបាច់ត្រូវតែយកឈ្នះលើប្រទេសលោកខាងលិច ៕