អាជ្ញាធរខណ្ឌមានជ័យ ចុះដាក់ធុងសំរាមនៅតាមផ្លូវសាធារណៈ តាមសួនច្បារ និងតាមទីវត្តអារាម ក្នុងភូមិសាស្រ្តរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុន ស៊ិនទ្រី ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះដាក់ពង្រាយធុងសំរាម នៅតាមផ្លូវសាធារណៈ តាមសួនច្បារ និងតាមទីវត្តអារាម ក្នុងសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃភូមិសាស្រ្តខណ្ឌមានជ័យ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង បានលើកឡើងថា ការដាក់ពង្រាយធុងសំរាម តាមសួនច្បារ ផ្លូវសាធារណៈ និង តាមទីវត្តអារាម នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យយើងនេះ គឺគោលបំណងចង់អោយបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវសាធារណៈ តាមសួនច្បារ និង តាមទីវត្តអារាម ងាយស្រួល វិចខ្ចប់ និង ទុកដាក់សំរាម ក្នុងធុងសំរាមអោយបានត្រឹមត្រូវ ជៀសវាងការបោះចោលសំរាមពាសវាលពាសកាលនាំអោយបាត់បង់សោភ័ណ្ឌភាពទីក្រុង ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង បានបន្ថែមទៀតថា នៅក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ នាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និង ការប្រមូលសំរាម ចេញពីមូលដ្ឋានសង្កាត់ទាំង៧ មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួន ០៣ មានការប្រកួតប្រជែងគ្នាមក ដោយខណ្ឌមានជ័យ ដេញថ្លៃបានដោយក្រុមហ៊ុន *Cintri cambodia* ដែលបានចុះប្រមូលសំរាមទាន់ពេលវេលាមិនអោយមានការកកស្ទះសំរាមដូចមុនទៀតទេ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ វិចខ្ចប់ ទុកដាក់ និង បញ្ចេញសំរាម អោយបានត្រឹមត្រូវ និង ទាន់ពេលវេលា ជាពិសេស អាជ្ញាធរ សង្កាត់ទាំង៧ ត្រូវធ្វើការផ្សព្វផ្សាយ និង អប់រំប្រជាពលរដ្ឋអោយបានយល់ដឹងអំពីការទុកដាក់ និងការញែកសំរាមសំណល់រឹង ទៅតាមប្រភេទរបស់វា ។ យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះពីរបៀបធ្វើការងារក្នុងបរិបទថ្មី និងត្រូវបន្សាំខ្លួនដោយត្រូវចេះរស់នៅតាមគន្លងថ្មីជាមួយកូវីដ-១៩ ប៉ុន្តែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់វិធានសុខាភិបាល ជាពិសេសគោរពនូវអភិក្រមរបស់សម្តេចតេជោ ហ៊ុនសែន ” ៣ការពារ ៣កុំ ” ដើម្បីខ្លួនយើង គ្រួសារយើង សង្គមយើង និងប្រទេសជាតិយើង ក្នុងគ្រប់កាលៈទេសៈ ព្រោះថាមួយរយៈពេលចុងក្រោយនេះ ជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ( Omicron )កំពង់ឆ្លងចូលសហគមន៍ ធ្វើអោយយើងមានការព្រួយបារម្ភ ដូច្នេះសូមកាត់បន្ថយការជួបជុំគ្នា កុំទៅកន្លែងដែលមានមនុស្សច្រើន ប្រសិនបើគ្មានការចាំបាច់សូមកុំចេញពីផ្ទះ ។

គួរបញ្ជាក់ដែរថា ក្នុងការដាក់ពង្រាយធុងសំរាម នៅតាមផ្លូវសាធារណៈ តាមសួនច្បារ និង តាមទីវត្តអារាម មានចំនួន ២១ធុងសំរាម០៣ ទីតាំងមានដូចខាងក្រោម ៖
១. នៅសួនស្តុបលូបប្រាំ ដាក់ពង្រាយធុងសំរាមនៅទីតាំងសួន ចំនួន០៦ ធុង។
២. នៅវត្តនន្ទមុនី ដាក់ពង្រាយធុងសំរាម ០៨ ធុង ។
៣. នៅវត្តស្ទឹងមានជ័យ ដាក់ពង្រាយធុងសំរាម ចំនួន ០៧ ធុង។សរុបទាំងអស់ការដាក់ពង្រាយធុងសំរាមចំនួន ២១ ធុង៕

...

ដោយស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print