ខេត្តកែប៖ នៅព្រឹកថ្ងៃចន្ទ័ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញប្រកាសខេត្តកែប ជាខេត្តទី១ អស់មីន ហើយបានបញ្ជាក់ថា កម្ពុជាគ្រោងនឹងប្រកាសរាជធានីខេត្តចំនួន ០៧ទៀត អស់មីន ជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២២ រួមមាន ខេត្តព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តរតនគិរី និងខេត្តតាកែវ ការថ្លែងបែបនេះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងពិធីអបអរសាទរការប្រកាសខេត្តកែប ជាខេត្តទី១អស់មីន។
ពិធីនេះ បានប្រព្រឹត្តិទៅនៅមុខសាលាខេត្តកែប ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែកែប លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត តំណាងដៃគូអភិវឌ្ឍន៍ អង្គទូត តំណាងស្ថានទូតប្រចាំនៅកម្ពុជា ប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋខេត្តកែប។
ក្ក្នុងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ខេត្តកែប ជាតំបន់សមរភូមិដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយក្នុងចំណោមតំបន់ក្តៅទាំងឡាយនៃប្រទេសកម្ពុជា។ ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ តំបន់មួយចំនួនបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គិតត្រឹមឆ្នាំ២០២១ ចំនួន ២២១នាក់ ក្នុងនោះស្រុកដំណាក់ចង្អើរ មាន១៩៨នាក់ និងក្រុងកែប មាន២៣នាក់ (មាន៩២% រងគ្រោះដោយសារមីន)។
លោក អភិបាលខេត្តកែប បានមានប្រសាសន៍ទៀតថា “ទោះបីជាខេត្តទី១អស់មីន ខ្ញុំជឿជាក់ថា អាជ្ញាធរមីន និងម្ចាស់ជំនួយនៅតែបន្តឧបត្ថម្ភគាំទ្រជួយដល់ខេត្តកែបលើវិស័យនេះជាបន្តទៀត ដើម្បីដោះស្រាយនូវបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម”។
លោក ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្តកែប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអបអរសាទរចំពោះសិមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនដែលយើងបានដឹងឲ្យអស់ពីខេត្តកែប។
អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានទទួលនូវការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចជ្រើសរើសយកខេត្តកែប ធ្វើការបោសសម្អាត និងរៀបចំប្រកាសជាខេត្តអស់មីនដំបូងគេបង្អស់ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុប្រទេសន័រវេស្ស និងប្រទេសហុងគ្រី ដោយជ្រើសរើសយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាអ្នកបោសសម្អាត។
ក្នុងឱកាសនោះ ក្នុងនាមប្រជាជនខេត្តកែប ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស លោក ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ ព្រមទាំងបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះ រាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសន័រវេស្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសហុងគ្រី និងមជ្ឈមណ្ឌលជាតិស៊ីម៉ាក់ ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីបញ្ចប់វត្តមានគ្រាប់មីននៅក្នុងខេត្តកែប ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងប្រតិបត្តិករជាតិ-អន្តរជាតិដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
លោក ទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់អង្គពិធីថា “កម្ពុជា បានទទួលរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មានទាំងបញ្ហាមីន និងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ភូមិអស់មីន ឬខេត្តអស់មីន មិនមែនជាភូមិ ឬជាខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ ដូចជា គ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ជាដើម។
ខេត្តកែបអស់មីន មិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ សូមបងប្អូនបន្តប្រុងប្រយ័ត្ន និងរួមគ្នាបន្តចាត់វិធានការដោះស្រាយ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់”។
លោក ទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់អង្គពិធីបន្ថែមទៀតថា ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” អាជ្ញាធរមីន បានរៀបចំនូវគោលការណ៍ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីនទាំងអស់ដែលមាននៅក្នុងភូមិត្រូវបានបោសសម្អាត ក្នុងគោលដៅជួយពន្លឿនដល់ការបោសសម្អាតមីន និងទាក់ទាញនូវការចូលរួមគាំទ្រពីម្ចាស់ជំនួយថ្មីៗ និងវិស័យឯកជនបន្ថែមទៀត។
អាជ្ញាធរមីន បាននឹងកំពុងចលានា កៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ អ្នកវិនិយោគិន និងសប្បុរសជននានា ដើម្បីទទួលការគាំទ្រ និងធ្វើការបោសសម្អាត ដោយចាប់ផ្តើមពីភូមិមួយ ទៅភូមិមួយ និងពីខេត្តមួយ ទៅខេត្តមួយ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរមីន ហើយការប្រកាសភូមិអស់មីន ឬខេត្តអស់មីន ត្រូវរៀបចំ និងទទួលស្គាល់ពីអាជ្ញាធរមីន ក្នុងនាមអាជ្ញាធរមីន ជាស្ថាប័នសាធារណៈរបស់រដ្ឋ និងជាសេនាធិការតែមួយគត់ឲ្យរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យវិស័យមីនទូទាំងប្រទេស។
លោក ទេសរដ្ឋមន្ត្រី បានថ្លែងទៀតថា កម្ពុជា បានកំណត់នូវវិសាលភាព និងទំហំផលប៉ះពាល់យ៉ាងច្បាស់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទូទាំងប្រទេស គិតត្រឹមឆ្នាំ២០២១ កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៧៨៨ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥៕