រថយន្តដឹកឥដ្ឋបើកបុកម៉ូតូពីក្រោយរួចកិនពីលើបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជិះម៉ូតូឆ្លងផ្លូវទៅកន្លែងធ្វើការត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយរួចកិនពីលើ ហើយរថយន្តបង្កបើករត់បានប្រហែល៥០០ម៉ែត្ររួចតៃកុងរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ នឹង១៥នាទីព្រឹកថ្ងៃទី០១ មិនា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែបក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះលាង ពេជ្ររស្មី មានអាយុ២១ឆ្នាំ មុខរបរជាបុគ្គលិកឡាក់គីមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ មានស្រុកកំណើតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក zoomer ពណ៌ សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1GQ 3065បើកបរដោយស្ត្រីម្នាក់ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ 30 ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងដើម្បីចូលទៅកន្លែងធ្វើការ ស្រាប់តែមានរថយន្តដឹកឥដ្ឋធុនធំ មួយគ្រឿងម៉ាកហីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3C 3531បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរបីនាក់ផ្សេងទៀតដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ជ្រុលទៅបុកនិងម៉ូតូ zoomer ពីក្រោយបណ្ដាលឲ្យដួល រួចជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្តបណ្ដាលឲ្យកិនស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបន្តដំណើរទៅមុខប្រហែល 500 ម៉ែត្រ រួចតៃកុងរថយន្តបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រម៉ោល បន្សល់ទុកតែរថយន្តនឹងអ្នករួមដំណើរនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print