សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ជាមួយលោកឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោករដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ លោក លោកស្រីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិបាលរាជធានីខេត្ត អភិបាលស្ដីទីខេត្តស្រះកែវ ព្រមទាំងអង្គពិធីមួយចំនួនទៀត។

យោងតាមរបាយការណ៍ លោកនាយឧត្តមសេនីយ៍ សេង យូរអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា ថៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាលចំនួន១៧ប៊ីលាន១៣លានរៀល។

លោកនាយឧត្តមសេនីយ៍បន្តថា អគារទាំងនេះរួមមាន អគារបំពេញបែបបទចេញចូល មានទំហំ៣៥,៨០ម៉ែត្រ គុណ៥៦,៣៩ម៉ែត្រ កម្ពស់៣ជាន់ បំពាក់ដោយឧបករណ៍ បរិក្ខាអគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដាញការពារអគ្គិភ័យ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរសព្ទ ប្រព័ន្ធអ៊ីនធើណែត ប្រព័ន្ធសំឡេង ប្រព័ន្ធការពាររន្ទះ ជណ្ដើរយន្តចំនួន៤ និងចែកជាពីរផ្នែក ផ្នែកខាងស្ដាំប្រើប្រាស់សម្រាប់អ្នកដំណើរចេញ និងផ្នែកខាងឆ្វេងសម្រាប់អ្នកដំណើរមកដល់។

លោកបន្តថា ទន្ទឹមគ្នានេះក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រៅអគារ រួមមានជួសជុលកែលម្អរអគារបំពេញបែបបទចាស់សម្រាប់មន្រ្តីស្នាក់នៅ សាងសង់អគារសម្រាប់អ្នកដំណើររង់ចាំចេញនិងមកដល់ចំនួន២ខ្នង ស្ថាបនាផ្លូវបេតង់អ៊ុតកៅស៊ូ រៀបចំសួនច្បារ តម្លើងបង្គោលភ្លើងបំភ្លឺ សាងសង់របងព័ទ្ធជុំវិញ តម្លើងត្រង់ស្វ័រនិងតបណ្ដាញទឹកចូលបរិវេណអគារ។ លោកបន្ថែមសមិទ្ធផលនេះនឹងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវជាតិ អន្តរជាតិ បង្ការទប់ស្កាត់បទល្មើសឆ្លងដែន ឆ្លើយបតាមសំណូមពរ និងស្ថានភាពជាក់ស្ដែងរបស់មន្រ្តីជំនាញ។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ថ្នាក់ដឹកនាំពាក់ព័ន្ធដែលបានយកចិត្តទុកដាក់យ៉ាងសកម្មជាមួយក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ព្រមទាំងក្រុមវិស្វករជំនាញ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជម្នះការលំបាកផ្សេងៗរហូតធ្វើឱ្យសម្រេចបានសមិទ្ធដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។

សម្ដេចក្រឡាហោម បានរម្លឹកថាច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ជាច្រកទ្វារឆ្លងកាត់ព្រំដែនមានអាយុកាលចំណាស់មួយនៅកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ពិសេសរដ្ឋបាលខេត្តស្រះកែវ ដែលជានិច្ចជាកាលបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយកម្ពុជា រួមចំណែកអភិវឌ្ឍន៍តំបន់ប៉ោតប៉ែតនិយាយដោយឡែក និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម។ សម្ដេចក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដែលបានខិតខំអភិវឌ្ឍក្រុងឱ្យមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងប៉ោយប៉ែត។

សម្ដេចបានគូសបញ្ជាក់ថាច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដលសេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរ ដឹកជំនិញ ចេញចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូលនោះដែរ។ សម្ដេចបន្ថែមថាច្រកទ្វារអន្តរជាតិនេះក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ឆ្ពោះទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ផងដែរ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅកម្ពុជា ដែលជាផ្នែកមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងក៏ជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការជំរុញ និងលើកកម្ពស់ការបង្ខិតរដ្ឋបាលឱ្យនៅជាប់ប្រជាពលរដ្ឋ ដើម្បីយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ឈានទៅកាត់បន្ថយភាពក្រីក្រ ដែលជាការប្ដេជ្ញាចិត្ត និងជាឆន្ទៈនយោបាយដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពជា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print