នៅក្នុងសេចក្តីប្រកាសថ្មីមួយរបស់ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា កូរ៉េខាងជើងនឹងផ្អាកកម្មវិធីបរមាណូ ក៏ដូចជាសាកល្បងគ្រាប់បែបបរមាណូ ប្រសិនបើអាមេរិកបញ្ឈប់ការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង។
ព័ត៌មានខាងលើត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Risuyong បញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មាន AP កាលពីថ្ងៃទី២៤ខែមេសា។ នេះគឺជាបទសម្ភាសន៍លើកដំបូងបង្អស់របស់មន្ត្រីជានខ្ពស់កូរ៉េខាងជើង ជាមួយបណ្តាញព័ត៌មានលោកខាងលិច។
លោកRisuyong បានបញ្ជាក់ថា «ពួកគាត់ឈប់ធ្វើសមយុទ្ធយុទ្ធនៅឧប្បទ្វីបកូរ៉េ ទើបយើងអាចផ្អាកកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលបាន ។ ប្រសិនបើយើងបន្តប្រឈមមុខដាក់គ្នាបែបនេះអាចបង្ករឲ្យមានលទ្ធផលអាណោចអាធម្ម មិនត្រឹមតែប្រទេសកូរ៉េទាំងពីរឡើយគឺនៅលើពិភពលោកទាំងមូល»។
លោក រី ស៊ូយ៉ុង បន្តទៀតថា កូរ៉េខាងជើង មានសិទ្ធិក្នុងការរក្សានិងបន្តកម្មវិធីបរមាណូរបស់ខ្លួន ដោយមិនមានការរាថយឡើយ បើទោះបីទទួលរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។ គោលដៅនៃការផលិតអាវុធនោះគឺដើម្បីទប់ស្កាត់ការគម្រាមកំហែងពីសត្រូវវាយប្រហារទៅលើកូរ៉េខាងជើងដោយមិនបានគម្រាមកំហែងដល់ប្រទេសណាមួយនោះឡើយ។ ប៉ុន្តែកន្លងមកកូរ៉េខាងជើងបានប្រកាសថានឹងវាយបកវិញដោយបរមាណូប្រសិនបើប្រទេសណាមួយវាយប្រហារទៅលើកូរ៉េខាងជើងនោះ។
ឆ្លើយតបទៅនឹងការប្រកាសរបស់លោក រី ស៊ូយ៉ុង មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយទៅកាន់បណ្តាញព័ត៌មាន AP ថាការចូលរួមធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងគឺជាការសន្យារបស់អាមេរិកនៅក្នុងការការពារសន្តិសុខសុវត្ថភាពក្នុងតំបន់តាមកិច្ចព្រមព្រៀង រវាងអាមេរិកនិងកូរ៉េខាងត្បូង។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចាត់ទុកការធ្វើសមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូងគឺជាការប៉ុនប៉ងឈ្លានពានកូរ៉េខាងជើង ។ ទាំងនោះហើយទើបកូរ៉េខាងជើងមិនព្រមបោះបង់កម្មវិធីបរមាណូរបស់ខ្លួន។ អាមេរិកនិងកូរ៉េខាងជើងតែងតែចោទប្រកាន់គ្នាទៅវិញទៅមក អាមេរិកស្នើរឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីបរមាណូជាមុនដើម្បីចចារ។ ចំណែកកូរ៉េខាងជើងវិញស្នើរឲ្យអាមេរិកបញ្ឈប់ការធ្វើសមយុទ្ធជាមុនសិន។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរកូរ៉េខាងជើងបន្តមហិច្ឆតាពង្រីកដែនវាយប្រហារលើគូសត្រូវ។ តាមក្រសួងការពារជាតិកូរ៉េខាងត្បូង របបកុម្មុយនិស្តព្យុងយ៉ាងកាលពីរសៀលថ្ងៃសៅរ៍បានបាញ់សាកល្បងមីស៊ីលចម្ងាយឆ្ងាយចេញពីនាវាមុជទឹក នៅសមុទ្រជប៉ុន។តាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយនេះ កូរ៉េខាងជើងចង់បង្ហាញថា ខ្លួនមានសមត្ថភាព មានយុទ្ធសាស្រ្តយោធាមិនចាញ់ប្រទេសមហាអំណាចនុយក្លេអ៊ែរ ដូចជាអាមេរិក។
តាមទីបញ្ជាការកងទ័ពកូរ៉េខាងត្បូងដែលបានតាមដានជាប់សកម្មភាពយោធារបស់ទីក្រុងព្យុងយ៉ាងគេឃើញមីស៊ីលមួយគ្រាប់បាញ់ចេញពីក្រោមទឹកក្បែរទីក្រុងកំពង់ផែមួយរបស់កូរ៉េខាងជើង។មីស៊ីលដែលបាញ់ចេញពីនាវាទឹក ហោះបានចម្ងាយតែ ៣០គីឡីម៉ែត្រប៉ុណ្ណោះជាហេតុធ្វើឲ្យភាគីកូរ៉េខាងត្បូងសន្និដ្ឋានថា ការបាញ់សាកល្បងបានទទួលបរាជ័យ។
តាំងពីយូរណាស់មកហើយកូរ៉េខាងជើងព្យាយាមអភិវឌ្ឍបច្ចេកវិទ្យាផលិតមីស៊ីលបាញ់ចេញពីនាវាមុជទឹក ដើម្បីអាចលើកដម្កើងខ្លួន មួយកម្រិតជាប្រទេសមហាអំណាចនុយក្លេអ៊ែរដែលមានសមត្ថភាពពង្រាយមីស៊ីលដ៏គ្រោះថ្នាក់ ទៅទីឆ្ងាយៗក្រៅបរិវេណឧបទ្វីបកូរ៉េ និងមានសមត្ថភាពវាយបកវិញក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរពីខាងក្រៅ។
កាលពីឆ្នាំមុន កូរ៉េខាងជើងបានបាញ់សាកល្បងម្តងហើយគ្រាប់មីស៊ីលពីនាវាមុជទឹក។ ការបាញ់សាកល្បងក្រោយៗមកទៀតហាក់មិនបានឆ្លើយតបទៅនឹងការចង់បានរបស់អាជ្ញាធរកូរ៉េខាងជើង។ ប៉ុន្តែយ៉ាងណាក៏ដោយបទយកការណ៍របស់របបកុម្មុយនិស្តជាច្រើនបានបង្ហាញពីជោគជ័យក្នុងការបាញ់សាកល្បងកន្លងមក។ ការអះអាងដែលក្រុមអ្នកជំនាញវាយតម្លៃថា មិនពិតព្រោះគេនៅមិនទាន់ជឿថា កូរ៉េខាងជើងមានសមត្ថភាពផលិតម៉ាស៊ីនសម្រាប់បាញ់មីស៊ីលចេញពីក្នុងទឹកនោះទេ។
ក្រសួងការបរទេសអាមេរិក នៅល្ងាចថ្ងៃសៅរ៍ដដែលបានប្រតិកម្ម និងចាត់ទុកការបាញ់មីស៊ីលពីនាវាមុជទឹករបស់កូរ៉េខាងជើងថាជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងសេចក្តីប្រកាសរបស់ខ្លួនក្រសួងការបរទេសអាមេរិកមិនបាននិយាយទាមទារឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើងនោះទេ ប៉ុន្តែ គ្រាន់តែបញ្ជាក់ថាអាមេរិកនៅតែតាមដានជាប់ជានិច្ចសកម្មភាពយោធារបស់ទីក្រុងព្យុងយ៉ាង។
អាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសដាក់ប្រទេសស្ថិតនៅក្នុងស្ថានភាពអាសន្ន ជានិច្ចដោយខ្លាចថាកូរ៉េខាងជើងនឹងបាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរជាលើកទី ៥នៅក្នុងពេលឆាប់ៗខាងមុខ។ អ្នកជំនាញជឿថា គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលបានបញ្ជារឲ្យបាញ់សាកល្បងមីស៊ីលពីក្រោមទឹក ហើយនិងគ្រោងបាញ់សាកល្បងនុយក្លេអ៊ែរជាថ្មីដោយប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានបំណងចង់បង្ហាញពីជោគជ័យនិងសមត្ថភាពបច្ចេកវិទ្យានុយក្លេអ៊ែរ ដល់ជនជាតិកូរ៉េខាងជើងនៅក្នុងឱកាសសមាជិកគណបក្សនៅថ្ងៃទី៣១ ខែឧសភា ដែលត្រូវរៀបចំជាលើកទី១ក្នុងរយៈពេល ៣៦ឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួល៖ ម៉ែវសាធី