ខេត្តកណ្ដាល៖ ផ្តើមចេញពីរឿងប្រចណ្ឌ ជនសង្ស័យម្នាក់បានចោទប្រពន្ធថាមានសហាយ ហើយបានយកកាំបិតចុងស្រួចចាក់លើប្រពន្ធខ្លួនឯងបណ្ដាលឱ្យរងរបួសយ៉ាងដំណំ។ ករណើនេះបានកើតឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៤៥នាទី នៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
មន្រ្តីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជឿន សុឃីម ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្វាយ។ ចំណែកជនសង្ស័យឈ្មោះ អូ រាជ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ជនសង្ស័យនិងជនរងគ្រោះជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកវត្ថុតាងចាប់យកមានកាំបិតចុងស្រួច ដងធ្វើពីឫស្សីប្រវែង ៣៧សង់ទីម៉ែត្រ ។
ប្រភពដដែលបានបន្តថា មុនកើតហេតុជនរងគ្រោះជាប្រពន្ធបានត្រឡប់មកពីលក់ស្វាយវិញ។ ពេលមកដល់ផ្ទះជនសង្ស័យជាប្តីបានសួរទៅប្រពន្ធរបស់ខ្លួនថា៖ ទៅលក់រាល់ថ្ងៃហ្នឹងយកលុយឱ្យប្រុសមែន? ជនរងគ្រោះបានឆ្លើយថា៖ បើមិនជឿសួរអ៊ំទៅ! បន្ទាប់មកជនរងគ្រោះ ក៏បានដើរទៅទិញម្ហូប។ លុះពេលជនរងគ្រោះត្រឡប់មកពីទិញម្ហូបវិញ ជនសង្ស័យបានសួរទៅជនរងគ្រោះជាប្រពន្ធទៀតថា៖ មកពីយកលុយឱ្យប្រុសមែន ? ហើយជនរងគ្រោះឆ្លើយថា៖ អត់ទេ! រួចជនសង្ស័យនិយាយថា៖ អញមិនជឿងែ៉ងទេ! ភ្លាមនោះស្រាប់តែជនសង្ស័យបានស្ទុះទៅយកកាំបិតចុងស្រួចដងធ្វើពីឫស្សីមកចាក់ជនរងគ្រោះ មុតចំឆ្អឹងជំនីរខាងឆ្វេងបណ្តាលឱ្យមានរបួស។
ក្រោយពីរឿងហេតុកើតឡើងមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលភ្នំបាតបានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ