ភ្នំពេញ ៖ បុរសម្នាក់អតីតជាប្រធានចាត់ការទូទៅនៅក្រុមហ៊ុន STAARCH ARCHITECTS PLANNERS ENGINNERS CO.LTD សិង្ហបុរី កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទរំលោភលើទំនុកចិត្ត និងបទឆបោកដែលមានទំហំទឹកប្រាក់ប្រមាណជាង២លានដុល្លារអាមេរិក ។
ជនសង្ស័យមានឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអតីតជាប្រធានចាត់ការទូទៅក្រុម សិង្ហបុរី មានទីលំនៅផ្ទះលេខ២៧ ផ្លូវលេខ៦ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សំណុំរឿងខាងលើនេះបានស្ថិតនៅលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ ។
តាមប្រភពព័ត៌មានឱ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងនេះគឺជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ SAMSON TAN BOON HUA ជា
នាយកក្រុមហ៊ុនជនជាតិសិង្ហបុរី ។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២០ ដោយសារបញ្ហាជំងឺកូវីដ.១៩ ចាប់ផ្តើមរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចសកលលោក នាយកក្រុមហ៊ុនរូបនោះមិនបានមកស្រុកខ្មែរដើម្បីពិនិត្យការងារនៅក្នុងក្រុមហ៊ុនទេ ដោយបានប្រគល់ការងារទទួលម៉ៅការសាងសង់ទាំងឡាយឱ្យទៅឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ជាអ្នកមើលការខុសត្រូវ និងទទួលបន្ទុកក្នុងការចំណាយផ្សេងៗពាក់ព័ន្ធនឹងក្រុម
ហ៊ុន ។
ក្នុងពេលនោះដែរនាយកក្រុមហ៊ុនដែលជាជនជាតិសិង្ហបុរី បានផ្ញើប្រាក់ចំនួន ២៦៤.៣០១.៤៨០ (ជាង២លានដុល្លារអាមេរិក)ឱ្យទៅឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត តាមគណនីធនាគារ ABA ដើម្បីយកទៅចំណាយលើគម្រោងសាងសង់ផ្ទះនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចំណាយលើប្រាក់បៀវត្សបុគ្គលិក កម្មកររបស់ក្រុមហ៊ុន ។
លុះមកដល់ឆ្នាំ២០២១ នាយកក្រុមហ៊ុនខាងលើ ត្រូវបានម្ចាស់គម្រោងជាច្រើន និងអ្នកលក់គ្រឿងសំណង់រួមទាំងកម្មករ បុគ្គលិកទាមទារប្រាក់ឈ្នួលនិងថ្លៃសម្ភារគ្រប់បែបយ៉ាង ទើបដឹងថា លុយដែលផ្ញើនៅឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ជាង២លានដុល្លារទុកឱ្យទូទាត់ទៅលើអ្វីដែលក្រុមហ៊ុនពាក់ព័ន្ធគម្រោងសាងសង់ និងបញ្ហាផ្សេងៗទាំងអស់នោះ ដូចផ្ញើពងមាន់ឱ្យក្អែក ។
ដោយមានមូលហេតុយ៉ាងដូច្នោះហើយ បានជានាយកក្រុមហ៊ុនសិង្ហបុរី សម្រេចចិត្តពឹងពាក់មេធាវីប្តឹងឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត អតីតប្រធានចាត់ការទូទៅក្រុមហ៊ុន STAARCH ARCHITECTS PLANNERS ENGINNERS CO.LTD ទៅសមត្តកិច្ចកងរាជអាវុធហត្ថដើម្បីចាត់ការលើបុគ្គលនេះតាមផ្លូវច្បាប់ ទើបបានចាប់បញ្ជូនទៅតុលាការ ៕
ដោយរ៉ារ៉ា