ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ប្រទេសនេះបានសម្រេចផ្អាកបាញ់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ខែមីនា ដើម្បីទុកពេលឱ្យពលរដ្ឋចាកចេញពីទីក្រុង Mariupol ។ ទីក្រុងនេះត្រូវកម្លាំងទាហានរុស្ស៊ីឡោមព័ទ្ធ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ថ្ងៃទី៥ ខែមីនា នៅវេលាម៉ោង១០ព្រឹកនេះ (ម៉ោងក្នុងទីក្រុងមូស្គូ) ខាងភាគីរុស្ស៊ីបានសម្រេចប្រកាសដាក់ចេញបទឈប់បាញ់ និងបើកច្រករបៀង មនុស្សធម៌សម្រាប់ឱ្យជនស៊ីវិលចាកចេញពីទីក្រុង ម៉ារីយូប៉ូល (Mariupol) និងទីក្រុងVolnovakha»។ ក្រសួងការពារជាតិរុស្ស៊ីបន្ថែមថាការបង្កើតច្រករបៀងមនុស្សធម៌ត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ហើយវានឹងត្រូវអនុវត្តចាប់ពីម៉ោង១០ៈ០០នាទីព្រឹក ថ្ងៃសៅរ៍នេះ (ម៉ោងនៅមូស្គូ)។ ជាមួយគ្នាដែរ កិច្ចចរចាជុំទី៣រវាងអ្នកតំណាងនៃប្រទេសទាំង២ ក៏គ្រោងនឹងជួបគ្នាឆាប់ៗនេះដែរ នៅថ្ងៃសៅរ៍ ឬនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ប៉ុន្តែពាក់ព័ន្ធនឹងបទឈប់បាញ់ដែលរុស្ស៊ីបានប្រកាស ខាងភាគីអ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។ នៅក្នុងព្រឹត្តិការណ៍មួយទៀតដែលពាក់ព័ន្ធនោះដែរ មានព័ត៌មានជាច្រើនបានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនបានភៀសខ្លួនចេញពីប្រទេសហើយ។ ក្នុងពេលនេះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហោះវីដេអូនៅលើគណនី Instagram ផ្លូវការរបស់ខ្លួនថាលោកកំពុងស្ថិតក្នុងរដ្ឋធានីកៀវនៅឡើយ ដោយមិនបានភៀសខ្លួនចេញពីប្រទេសដូចពាក្យចចាមអារ៉ាមនោះទេ។ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា រៀងរាល់ពីរថ្ងៃម្តង, មានព័ត៌មានផ្សព្វផ្សាយថា ខ្ញុំបានភៀសខ្លួនទៅកន្លែងណាមួយ ឬភៀសខ្លួនពីការិយាល័យរបស់ខ្ញុំក្នុងទីក្រុងកៀវ។ ដូចដែលអ្នកអាចឃើញ ខ្ញុំនៅទីនេះជាមួយលោក អាន់ឌ្រី ប៉ូរីសូវិច (Andriy Borisovich)។ លោកបន្ថែមថា «គ្មាននរណាម្នាក់រត់ទៅណាទេ។ ពួកយើងកំពុងធ្វើការនៅទីនេះ»៕ ដោយធីរីណា
រូបថត៖AP