គ្រាប់បាល់ចំនួន៤គ្រាប់ក្នុងរយៈពេល២២នាទីក្នុងតង់ទី២បានជួយ Chelsea ដណ្តើមបានជ័យជម្នះក្នុងការប្រកួត Premier League ជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីម្ចាស់ក្លិបលោក Roman Abramovich បាននិយាយថា គាត់នឹងលក់ក្លិបនេះចេញ។
អ្នកចាត់ការទូទៅក្រុមតោខៀវលោក Thomas Tuchel បានសារភាពថាព័ត៌មាននៃការសម្រេចចិត្តរបស់មហាសេដ្ឋីរុស្ស៊ីគឺជាការរំខានមួយ ប៉ុន្តែក្រុមរបស់គាត់នៅតែធ្វើបានល្អនៅ Turf Moor ដោយសារគ្រាប់បាល់ពីរគ្រាប់របស់ខ្សែប្រយុទ្ធ Kai Havertz ដែលស៊ុតបញ្ចូលទីក្រុម Burnleyនិងគ្រាប់បាល់ដំបូងរបស់ Reece James រួមទាំងគ្រាប់បាល់ទី៤របស់Christian Pulisic។ក្រុម Burnley នឹងបាត់បង់ឱកាសនៅពេលដែលក្រុមនេះបានធ្លាក់ទៅឈរចំណាត់ថ្នាក់លេខ១៨ ដែលស្ថិតក្នុងតំបន់កាត់ចោល ដោយបរាជ័យជាលើកទីពីរជាប់ៗគ្នា។ ក្រោយបញ្ចប់ការប្រកួតកន្លះម៉ោង ក្រុមម្ចាស់ផ្ទះBurnley មានឱកាសម្តងពីការបញ្ជូនបាល់របស់ Ashley Westwood ប៉ុន្តែត្រូវបានអ្នកចាំទី Edouard Mendy របស់ Chelsea សង្គ្រោះបាន។Chelsea មានការគ្រប់គ្រងច្រើនក្នុងតង់ទីមួយ ប៉ុន្តែនៅតែមិនមានគ្រាប់បាល់បញ្ចូលទី។ ចូលដល់តង់ទី២កីឡាករ James បានរកគ្រាប់បាល់១គ្រាប់នាំមុខនៅនាទីទី៤៧ ហើយនៅនាទីទី៥៣ និង៥៥ ខ្សែប្រយុទ្ធHavertz រកបាន២គ្រាប់បន្ថែមទៀត និងនៅនាទីទី៦៩ កីឡាករ Pulisicរកបានគ្រាប់បាល់ទី៤ឲ្យ Chelsea ។លទ្ធផលនេះធ្វើឲ្យក្រុម Chelsea បន្តឈរលេខ៣ក្នុងលីកកំពូលអង់គ្លេសដោយមាន៥៣ពិន្ទុ ក្នុង២៦ប្រកួត ខណៈដែលក្រុម Burnley បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៨ មាន២១ ពិន្ទុ ក្នុង២៦ប្រកួតដូចគ្នា ។ចំណែកក្រុមហង្សក្រហម Liverpool មានឱកាសយកបាន៣ពិន្ទុបន្ថែម ដោយគ្រាប់បាល់នៅតង់ទីមួយរបស់ Sadio Mane គឺគ្រប់គ្រាន់ដើម្បីផ្តល់ឱ្យ Liverpool នូវជ័យជម្នះលើក្រុម West Ham នៅកីឡដ្ឋាន Anfield និងធ្វើឱ្យក្រុមនេះចាញ់ក្រុមកំពូលតារាង Manchester City តែ៣ពិន្ទុប៉ុណ្ណោះនៅPremier League ។ក្រុមរបស់លោក Jurgen Klopp មានឱកាសរកបានគ្រាប់បាល់ច្រើនជាងនេះ ប៉ុន្តែនៅតែមិនអាចទៅរួច ហើយក្រុម West Ham ក៏មានឱកាសរកបានគ្រាប់បាល់តាមស្មើដែរដោយការព្យាយាមរបស់កីឡាករ Pablo Fornals និង Manuel Lanzini តែមិនមានឱកាសដ៏ល្អក្នុងការតាមស្មើ។ក្តីសង្ឃឹមរបស់ក្រុមញញួរធំ West Ham ត្រូវបានបាត់បង់ ដោយសារការបរាជ័យនេះ ដែលធ្វើឲ្យក្រុមនេះបាត់បង់ឱកាសឡើងទៅឈរតំបន់ Top 4 ប៉ុន្តែក្រុមរបស់លោក David Moyes កំពុងមានក្តីសង្ឃឹមក្នុងការប្រកួតពានរង្វាន់ Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី១ជាមួយក្រុមSevilla នៅថ្ងៃទី១១ ខែមីនាខាងមុខ។ទោះបីជាយ៉ាងណាក៏ដោយ ការប្រជែងដណ្តើមពានរដូវកាលនេះអាចនឹងមានលំបាកសម្រាប់ក្រុមអតីតម្ចាស់ជើងឯក Manchester City ដែលក្រុមនេះនឹងត្រូវប្រកួតជាមួយ Manchester United ដែលគេហៅថា Manchester Derby នៅថ្ងៃអាទិត្យនៅឯកីឡដ្ឋាន Etihad រាត្រីនេះ។
លោក Klopp បាននិយាយក្រោយការប្រកួតថា “យើងអាចធ្វើបានល្អជាងនេះយើងធ្វើបានល្អក្នុងតង់ទីមួយ ប៉ុន្តែនៅតង់ទីពីរ ប្រសិនបើអ្នកមិនប្រសើរជាងនេះ អ្នកត្រូវការភាពរហ័សរហួន ហើយនោះជាអ្វីដែលយើងត្រូវការដើម្បីទទួលបានលទ្ធផល។ យើងត្រូវការសំណាងបន្តិច ប៉ុន្តែអ្នកមិនអាចឈ្នះការប្រកួតជាច្រើនជាប់ៗគ្នា ដូចដែលយើងមានដោយគ្មានសំណាងបន្តិច” ៕(រូបភាព ៖ BBC Sport)