នៅព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ផងដែរ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំដែលជាខេត្តដែលទើបបង្កើតចុងក្រោយគេ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។
មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU), សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និង Endoscopy, មន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព ហើយមន្ទីរពេទ្យនេះ ក៏អាចពិគ្រោះជំងឺក្នុងមួយថ្ងៃបាន ៦០០នាក់។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) ពិធីនេះនៅម៉ោង៧:៣០នាទី ព្រឹក ពីទីរួមខេត្តត្បូងឃ្មុំ៕