ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំរុញក្នុងការរៀបចំចុះធ្វើនឹងចែក សៀវភៅគ្រួសារ ឬ អត្រានុកូលដ្ឋានផ្សេងៗជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ដោយចុះដឹកនាំផ្ទាល់ដោយ វរសេនីយ៍ឯក អេង អេលីយ៉ាន ស្នងការរងនគរបាលរាជធានីភ្នំពេញ និង លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះចែកសៀវភៅគ្រួសារ និង អត្រានុកូលដ្ឋានផ្សេងៗជូនដល់ប្រជាពលរដ្ឋ ដោយយើងឃើញថាមានប្រជាពលរដ្ឋជាច្រើនដែលមកទទួលនូវសៀវភៅគ្រួសារ សៀវភៅអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់សំបុត្រកំណើត និង អត្រានុកូលដ្ឋានផ្សេងៗទៀត ។
លោក វរសេនីយ៍ឯក អេង អេលីយ៉ាន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចុះក្នុងការជំរុញផ្ដល់សៀវភៅស្នាក់នៅសៀវភៅគ្រួសារជូនប្រជាពលរដ្ឋទាំង៧សង្កាត់នៅក្នុងខណ្ឌឫស្សីកែវ គឺធ្វើឡើងតាមភូមិតាមខ្នងផ្ទះទាំង៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ ដោយធ្វើឡើងក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨និង០០នាទីព្រឹក រហូតទៅដល់១១ និង ០០ នាទីព្រឹក ចំពោះពេលថ្ងៃ ចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង៤និង០០នាទីល្ងាច តែចំពោះថ្ងៃសៅរ៍ធ្វើតែមួយព្រឹកតែប៉ុណ្ណោះ។
លោក វរសេនីយ៍ឯក អេង អេលីយ៉ាន បានបន្តទៀតថា ការចុះចែកចែកសៀវភៅគ្រួសារ និង អត្រានុកូលដ្ឋានផ្សេងៗជូនដល់ប្រជាពលរដ្ឋនេះ ដោយមិនគិតថ្លៃលើសេវាអ្វីនោះទេគឺចែកជូនប្រជាពលរដ្ឋដោយហ្វ្រីតែម្តង។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា យើងមិនត្រឹមតែបើកយុទ្ធនាការចែកសៀវភៅគ្រួសារ និង អត្រានុកូលដ្ឋានផ្សេងៗនោះតែ កម្លាំងអាជ្ញាធរក៏បានសំណូមពរឲ្យប្រជាពលរដ្ឋមកទទួលសៀវភៅគ្រួសារ និង អត្រានុកូលដ្ឋានផ្សេងៗឲ្យបានទាំងអស់គ្នា និង ជំរុញ ណែនាំបន្ថែម ឲ្យប្រជាលរដ្ឋចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ដូសផងដែរ៕ ដោយ ៖ រ៉ារ៉ា