ខេត្តត្បូងឃ្មុំ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងពិធីសម្ពោធអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រចាំនៅកម្ពុជា។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យដ៏ទំនើបលើកដំបូងលើដីនៅខេត្តត្បូងឃ្មុំ ដោយសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យនេះមានអគារចំនួន៩ តភ្ជាប់គ្នាទៅវិញទៅមក បែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្ត្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត។
មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។
ដោយឡែក អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅ ក្នុងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែលត្រូវបានសម្ពោធរួមគ្នានាថ្ងៃនេះដែរនោះត្រូវបានសាងសង់នៅឆ្នាំ២០១៨ ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២០។
សមិទ្ធផលនេះ រួមមានអគារទីចាត់ការ២ខ្នងស្មើនឹង១០បន្ទប់ អគារសិក្សា២ខ្នង ស្មើនឹង៣៦បន្ទប់ កម្ពស់៣ជាន់ អគារស្នាក់នៅ២ខ្នង ស្មើនឹង៤០បន្ទប់ រួមទាំងទីលានបាល់ទះ១ និងទីលានបាល់បោះចំនួន២ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕ដោយ៖សហការី