ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះថា៖ គិតចាប់ពីខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរកឃើញស្ថានីយ និងដេប៉ូនានា ដែលមិនអនុលោម ទៅនឹងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើ អាជីវកម្ម ប្រេងឥន្ធនៈ ចំនួន ២៦៧ កន្លែង ក្នុងចំណោមទីតាំង បានចុះត្រួតពិនិត្យទូទាំងប្រទេស ចំនួន ៧៦៨កន្លែង។
លោក ផាន អូន បានគូសបញ្ជាក់ថា៖ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យ ភាពអនុលោម ទៅនឹងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូនានា នៅទូទាំងប្រទេស បានចំនួន ៧៦៨ ដោយរកឃើញដេប៉ូ ប្រេងឥន្ធនៈ ចំនួន ២៦៧ ស្មើនឹង ៣៤,៧៦% ប្រកបអាជីវកម្មមិនសុចរិត។
លោកអគ្គនាយករូបនេះ ថ្លែងបន្តថា ដោយឡែកក្នុងរយៈពេល ២ខែ ចុងឆ្នាំ២០២១ (វិច្ឆិកា និង ធ្នូ) មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យ ភាពអនុលោម ទៅនឹងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូនានា នៅទូទាំងប្រទេស បានចំនួន ៦៦៣ ដោយរកឃើញដេប៉ូប្រេងឥន្ធនៈ ចំនួន ២៥៤ ស្មើនឹង ៣៨,៣១% ប្រកបអាជីវកម្មមិនសុចរិត។ បើប្រៀបធៀបជាមួយ រយៈពេលដូចគ្នាគ្នា នៃឆ្នាំ២០២១ (ពីរខែចុងឆ្នាំ) បទល្មើសពាក់ព័ន្ធ នឹងអាជីវកម្មប្រេងឥន្ធនៈ មានការថយចុះ ចំនួន ៣,៥៥%។
ដោយឡែកជុំវិញករណី អ្នកប្រកបអាជីវកម្មមិនសុចរិតខាងលេីនេះដែរ លោកអគ្គនាយករូបនេះ បានសង្កត់ធ្ងន់ថា៖ “យើង (ក.ប.ប.) បានមើលអស់ ទើបយើងសរុប ពិនិត្យមើលទិន្នន័យ លើកទី២ទៀត ហើយស្នើរសុំគោល ការណ៍របស់ គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ បើមានកំហុសលើកទី៣ យើងនឹងមានវិធានការ យ៉ាងម៉េច ដើម្បីអនុវត្តន៍វិធានការ ពិន័យអន្តរការណ៍ ព្រោះជាបទល្មើស ដែលជាកំហុសទី១ ដើម្បីស្នើរសុំឲ្យធុរជន ធ្វើការកែតម្រូវ”។
គូសបញ្ជាក់ថា បច្ចុប្បន្ននៅប្រទេសកម្ពុជា តម្លៃលក់រាយប្រេងឥន្ធនៈ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ត្រូវបានដាក់លក់ ក្នុងតម្លៃ ៤.៨០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា។ រីឯប្រេងម៉ាស៊ូត ថ្លៃ ៤.៥០០រៀល ក្នុង១លីត្រ។ ដោយឡែកប្រេងស៊ុបពែរថ្លៃ ៥.៣៥០រៀល នៅក្នុង១លីត្រ៕ដោយ៖សហការី