ភ្នំពេញ : នៅព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា ក្រោម ការអូសទាញ និងញុះញង់របស់មនុស្សមួយក្តាប់តូចក្នុងជួរបាតុករក្រុមហ៊ុន ណាហ្គា វើលដ៏ តាមការបង្គាប់ បញ្ហារបស់មនុស្សមួយក្រុមដែលនៅខាងក្រៅ ដែលចិញ្ចឹមចិត្តរៀបចំសេនារីយោឱ្យមានរូបភាពផ្សេងៗ ដើម្បី កេងចំណេញ។ លើសពីនេះទៀត ក្រុមនេះបានលើកហេតុផលពន្យល់ ឆក់ឱកាស ប្រើប្រាស់ និងរៀបចំក្រុម បាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ឱ្យធ្វើបាតុកម្មខុសច្បាប់មុនថ្ងៃ ៨មីនា មួយថ្ងៃ គឺនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីយករូបភាពនានាពីការអនុវត្តវិធានការសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមរបស់អាជ្ញាធរមាន សមត្ថកិច្ចសម្រាប់ធ្វើការបកស្រាយទៅជារូបភាពអវិជ្ជមានផ្សេងៗ តាមការចង់បានរបស់ពួកគេ។ ជាក់ស្ដែង ដោយជឿយ៉ាងងប់ងុលតាមការអូសទាញរបស់ក្រុមខាងលើ ដែលចេះតែលើកហេតុផលឱ្យក្រុមបាតុករមាន សង្ឃឹមអំពីសកម្មភាពខុសច្បាប់របស់ពួកគេថានឹងទទួលបានលទ្ធផល ក្រុមបាតុករបានប្រើប្រាស់មធ្យោបាយ និងរូបភាពផ្សេងៗ ដើម្បីជម្នះធ្វើការប្រមូលផ្ដុំឱ្យខាងតែបាន ដោយពួកគេបានធ្វើការជូនដំណឹងជាមុនទៅ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធដែលមាននិន្នាការប្រឆាំង ដើម្បីមកចូលរួមចាំផ្ដិតយករូបភាពទៅធ្វើការ អត្ថាធិប្បាយផ្ទុយពីការពិតទាំងស្រុង។
ក្នុងការអនុវត្តវិធានការសុខាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នេះ អាជ្ញាធរមានសមត្ថកិច្ចបានអញ្ជើញក្រុមបាតុករទាំងអស់ចំនួន ១៨០នាក់ ទៅមណ្ឌលចត្តាឡីស័ករាជធានី ភ្នំពេញ ដើម្បីធ្វើតេស្ដស្វែងរកវីរុសកូវីដ-១៩ក្នុងចំណោមក្រុមគាត់។ នៅពេលទៅដល់ទីតាំងខាងលើ ក្រុមបាតុករ ទាំងអស់បែរជាមិនផ្តល់កិច្ចសហការជាមួយក្រុមគ្រូពេទ្យប្រចាំការនៅទីនោះឡើយ ដោយពួកគាត់មិនព្រម ផ្តល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីឱ្យក្រុមគ្រូពេទ្យបំពេញបែបបទសម្រាប់ធ្វើតេស្ត។ ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យនៅតែខិតខំព្យាយាមពន្យល់ហេតុផលដល់គាត់ដោយភាពអត់ធ្មត់ ធ្វើ យ៉ាងណាឱ្យពួកគាត់ផ្ដល់សំណាកតាមពេលវេលាកាន់តែឆាប់ដែលអាចធ្វើទៅបាន។ ផ្ទុយទៅវិញ ក្នុងករណី ដែលបាតុករទាំងអស់នៅតែមានះពុំព្រមផ្ដល់កិច្ចសហការ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ដោយពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ទៅ ៥លានរៀល ក្នុងករណីមិនរាងចាលនឹងពិន័យទ្វេដង ស្រប តាមមាត្រា២១ និងមាត្រា២៧ នៃអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លើសពីនេះទៀត ក្នុងករណីមានការរារាំងការអនុវត្តវិធានការសុខាភិបាល នឹង កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ដទៃទៀត សូមកុំជឿតាមការអូសទាញរបស់ជនឱកាសនិយមមួយក្តាប់តូច ដើម្បីកេងចំណេញ យករូបភាពសម្រាប់ធ្វើអាជីវកម្មបំពេញមហិច្ឆតារបស់ខ្លួន បែរជាឱ្យក្រុមបាតុករជាអ្នករងគ្រោះទទួលខុសត្រូវ ចំពោះមុខច្បាប់ទៅវិញ ហើយសូមឱ្យបញ្ឈប់នូវរាល់សកម្មភាពប្រមូលផ្ដុំខុសច្បាប់ផ្ទុយនឹងវិធានការសុខាភិបាល ដែលអាចនាំឱ្យមានហានិភ័យចំពោះសុខភាពសាធារណៈ បង្កការឆ្លងរាលដាលទៅអ្នកដទៃ ញាតិមិត្ត ក្រុម គ្រួសារ និងសហគមន៍ ទោះក្នុងរូបភាពណាមួយក៏ដោយ និងត្រូវចូលរួមសហការជាចាំបាច់ជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាលដែលបាន ដាក់ចេញ ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការ កកស្ទះចរាចរណ៍ ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដទៃទៀត។
ទទួលសេចក្តីជូនដំណឹងនេះ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន៕
ដោយ : សុខ ខេមរា