ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ តែងតែចុះត្រួតពិនិត្យគោលដៅតាមផ្សារនានា និងទីសាធារណៈនៅក្នុងមូលដ្ឋាន ដេីម្បីកាត់បន្ថយកាត់កកស្ទះចរាចរណ៍ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែចតម៉ូតូ រ៉ឺម៉កម៉ូតូ យ៉ាងអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់ ទេីបកម្លាំងប្រជាការពារប្រេីធម្មក្ដៅចុះឃាត់បានម៉ូតូចំនួន ០៨គ្រឿង និងម៉ូតូរ៉ឺម៉កសណ្តោងមួយគ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្រ្តីសាលាខណ្ឌដូនពេញ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៨ ខែមិនា ឆ្នាំ២០២២។
ក្នុងការរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញខាងលេីនេះ
ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ កាលពីថ្ងៃទី០៧ ខែមិនាម្សិលមិញនេះ បានចាត់ឱ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម៖
១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ១៣ ,១៩ ,៩០, ៩២ ,៩៦, ៤៧ ,១៥; ១០៦, ១០៨ ,៩០០, ៩៣ ,៧០ ,៧២ ,៥ ,៤៧ ,៧៤, ៧៦ ,៨០ ,៨៦ ផ្លូវជាតិលេខ៥ ,១៧២, ១៧៤, ១៤៤, ១៤៨, ១៣៦, ៥ ជាលទ្ធផល÷
– បានឃាត់ម៉ូតូចំនួន ០៨គ្រឿង និងម៉ូតូរ៉ឺម៉កសណ្តោងចំនួន ០១គ្រឿង ចតឥតសណ្តាប់ធ្នាប់យកមករក្សាទុកនៅសាលាខណ្ឌ។
– ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។
២-ដាក់កម្លាំងល្បាត និងពួនស្ទាក់តាមគោលដៅឃាត់រថយន្តធុនធំចូលរាធានីភ្នំពេញខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវដែលត្រូវហាមឃាត់។
៣-ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅពួនស្ទាក់ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេងខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវដែលបានឆ្លងកាត់។
៤-បានដាក់កម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅរង្វង់មូលវិមានឯករាជ្យ៕ដោយ៖ស តារា