ក្រុមមាន់ខ្នាយមាស Tottenham បានបង្កើនក្តីសង្ឃឹមក្នុងការប្រជែងយកតំណែងក្រុមកំពូលទាំង៤ (Top 4) និងដាក់សម្ពាធលើក្រុម Everton ដែលកាន់តែធ្លាក់ជិតដល់តំបន់កាត់ចោល ខណៈដែលក្រុមរបស់លោក Frank Lampard បានបង្ហាញទម្រង់លេងអន់ និងរងការបរាជ័យជាប់ៗគ្នានៅ Premier League។
នៅរាត្រីដ៏អាម៉ាស់មួយសម្រាប់ក្រុមលោក Lampard និងកីឡាកររបស់គាត់ ដោយក្រុម Spurs បានបំបាក់ក្រុម Everton រហូតដល់៥គ្រាប់។ការប្រកួតតង់ទី១ មានគ្រាប់បាល់រហូត៣គ្រាប់ ដោយគ្រាប់ទី១គឺជាកំហុសខ្សែការពារ Michael Keane របស់ Everton ស៊ុតចូលទីខ្លួនឯងនៅនាទីទី១៤ គ្រាប់ទី២រកបានដោយកីឡាករ Son Heung-min នៅនាទីទី១៧។គ្រាប់ទី៣រកបានដោយប្រធានក្រុម Harry Kane នៅនាទីទី៣៧ ខណៈដែលក្តីសង្ឃឹមតិចតួចរបស់ក្រុម Everton ត្រូវបានរលាយបាត់នៅពេលដែលកីឡាករបម្រុង Sergio Reguilon ស៊ុតបញ្ចូលទីជាលើកដំបូងរបស់គាត់ពីចម្ងាយ ប៉ុន្តែមិនត្រូវចូលទីក្រុម Tottenham នោះទេ ។ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham នៅតែបន្តដាក់សម្ពាធទៅលើក្រុមភ្ញៀវដដែល ដោយនៅនាទីទី៤៦ដើមតង់ទី២ កីឡាករ Ryan Sessegnon រកបានគ្រាប់បាល់ទី៤ ហើយនៅនាទីទី៥៥ ខ្សែប្រយុទ្ធ Harry Kane ដដែលរកបានគ្រាប់បាល់ទី៥ ដោយការបញ្ជូនបាល់ដ៏ល្អឥតខ្ចោះរបស់ Doherty ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Tottenham លុត Everton ៥ទល់០។
បរាជ័យនេះធ្វើឲ្យក្រុម Everton លើសត្រឹមតែ១ពិន្ទុប៉ុណ្ណោះនៅពីលើក្រុមដែលត្រូវកាត់ចោល ជាមួយនឹង២២ពិន្ទុ ក្នុង២៥ប្រកួត ខណៈក្រុមBurnley ដែលស្ថិតក្នុងតំបន់កាត់ចោលមាន២១ពិន្ទុ ក្នុង២៦ប្រកួត ។ ចំណែកក្រុម Tottenham ឈរនៅលេខរៀងទី៧ ដោយចាញ់ត្រឹមតែ៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Arsenal ដែលជាតំបន់មានកៅអីទៅលេងវគ្គជម្រុះក្របខ័ណ្ឌ Champions League ៕ (រូបភាព ៖ BBC Sport)