ខេត្តកំពង់ចាម ៖ តាមប្រភពច្បាស់ការណ៍បានអោយដឹងថា ស្ទើជារៀងរាល់យប់ឈ្មួញដឹកឈើខុសច្បាប់ដុះស្លែឈ្មោះធា បានប្រើរថយន្តសាំយ៉ុងកែឆ្នៃដឹកឈើ ចំនួន០៣ គ្រឿង ផ្ទុកឈើប្រហែល ០៦ ទៅ ០៧ ម៉ែតគូប ក្នុងមួយរថយន្ត សំរុកដឹកចេញពីព្រៃឡង់ខេត្តក្រចេះ មកចែកចាយក្នុងទឹកដីខេត្តកំពង់ចាម និងខេត្តមួយចំនួនទៀត ។
ប្រភពច្បាស់ការណ៍បានអោយដឹងទៀតថា ករណីដឹកឈើខុសច្បាប់បានយ៉ាងរលូនមិន រំខានដល់សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធនេះត្រូវបានគេដាក់ការសង្ស័យថា ឈ្មួញឈើសែនពួកអស់លោកជំនាញត្រូវអស់ហើយ ជាពិសេសលោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាល ព្រៃឈើស្ទឹងត្រង់តែម្តង ។
តាមប្រភពបានរាយការណ៍ប្រាប់ថា ជាក់ស្តែងកន្លងទៅ មានអ្នកសារព័ត៌មានបានធ្វើដំណើរមកដល់ភូមិ ដីលើ ឃុំពាមកោះស្នាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឃើញឡានសាំយ៉ុងចំនួន ៣ គ្រឿងផ្ទុកឈើយ៉ាងច្រើន។ អ្នកសារព័ត៌មានក៏បានទូរស័ព្វទៅ ប៉ូលិសស្រុកស្ទឹងត្រង់ និង មេព្រៃស្រុកស្ទឹងត្រង់ដើម្បីអន្តរាគមន៍ចុះបង្ក្រាប ប៉ុន្តែមន្ត្រីជំនាញទាំងនោះ លើកហើយ ធ្វើជានិយាយឆ្លើយតបមកថាស្ដាប់គ្នាមិនសូវច្បាស់ហើយក៏ខលបន្តទៀតខលលែងចូល ។
ពាក់ព័ន្ធនិងសកម្មភាពឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ខាងលើនេះលោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ យើងមិនអាចសុំការបកស្រាយបានទេ ដោយតេទៅចូលជាច្រើនលើក ប៉ុន្តែលោកពុំលើកទូរស័ព្ទ ។
ជាមួយសកម្មភាពខុសច្បាប់នេះ មជ្ឈដ្ឋានប្រជាពលរដ្ឋសំណូមពរទៅ លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម និង លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាថ្នាក់លើ ជួយពិនិត្យមើលកូនចៅនិងមានវិធានការផង ៕
ដោយ៖ វណ្ណៈ