ភ្នំពេញ៖ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋ បានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីនៅស្ដុបសន្ធរម៉ុកមានក្រុមចោរគាស់ផ្ទះកាត់ខ្សែរភ្លើង និងបាត់បង់សម្ភារៈមានតម្លៃជារើយៗ។ ភ្លាមៗកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ បានដាក់ផែនការយាមកាម និងស្រាវជ្រាវរកមុខសញ្ញាឆ្លងតាមស្ពានអាកាសថ្មេីរជើងចូលគាស់ផ្ទះប្រជាពលរដ្ឋ ដេីម្បីយកមកដាក់ទោសតាមច្បាប់។
ជាក់ស្ដែងយោងតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបញ្ហា “នៅស្ដុបសន្ធរម៉ុកមានបញ្ហាចោរគាស់ផ្ទះកាត់ខ្សែរភ្លើង និងបាត់បង់សម្ភារៈមានតម្លៃជារើយៗ និងជាពិសេសតាំងពីធ្វើស្ពានថ្មើរជើងមានជនប្លែកៗ មុខជាច្រើនបានឆ្លងតាមស្ពានចូលក្នុងផ្ទះប្រជាពលរដ្ឋ ដែលទុកចោលនិងធ្វើសកម្មភាពបង្ករអសន្តិសុខជាច្រើន ដែលប៉ះពាល់ដល់ការស់នៅប្រចាំថ្ងៃនៅដែលរស់នៅម្តុំនេះ”។
ក្រោយមក ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ បានផ្តល់ព័ត៌មានឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យជាក់ស្តែងទីតាំងខាងលើ ជាលទ្ធផលកម្លាំងពុំឃើញមានជនប្លែកមុខ ឬជនអនាថាស្ថិតនៅទីតាំងខាងលើនោះទេ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងដាក់ផែនការតាមដាន និងស្រាវជ្រាវរកមុខសញ្ញាជាបន្តនៅទីតាំងខាងលើនោះផងដែរ៕
ដោយ៖សហការី