ខេត្តបាត់ដំបង : ពាក់ព័ន្ធនឹងការដោះស្រាបញ្ហារបស់ប្រជាពលរដ្ឋ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ទស្សនទានដល់ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបងថា«យើងគួរបើកយុទ្ធនាកាវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ព្រោះបើធ្វើមួយឃុំក្រែងច្រើនពេក អ៊ីចឹងអាចចុះទៅភូមិ រៀបចំនៅក្រោមដើមឈើ ក្រោមកុដិលោក ឬសាលារៀននាថ្ងៃទំនេរសៅរ៍អាទិត្យ ដើម្បីស្ដាប់សំណើរ សំណូមពរ និងកង្វល់ប្រជាពលរដ្ឋ»។ សម្តេចបានថ្លែងបែបនេះ ខណៈ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង។
សម្ដេចបន្តថា«បញ្ហាអ្វីដែលអាចដោះស្រាយបាននៅនឹងកន្លែងត្រូវដោះស្រាយ ហើយត្រូវមានរបាយការណ៍ ដោះស្រាយបានអ្វី នៅសេសសល់អ្វី ហើយសូមថាធ្វើម៉េចកុំឱ្យពលរដ្ឋគាត់ខ្លាច ត្រូវបំផុសឱ្យគាត់ហ៊ាននិយាយ ហ៊ានថាជាមួយយើង ហើយយើងត្រូវប្រកាន់អកប្បកិរិយាបំរើគាត់ គាត់ជាចៅហ្វាយនាយមិនមែនយើងចុះទៅជាអ្នកធំ គាត់ជាអ្នកតូចតាចនោះទេ»។
សម្ដេចប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានស្នើឱ្យយុទ្ធនាការនេះត្រូវរៀបចំឱ្យបានចប់សព្វគ្រប់នៅពាក់កណ្ដាលខែមេសាឬសប្ដាហ៍ទី៣ខែមេសាឆ្នាំ២០២២ ពោលគឺឱ្យបានមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្ដេចថាការរៀបចំវេទិកាសាធារណៈនេះ ជាការភ្ជាប់ភាពជាក់ស្ដែងនៃការបំពេញការងាររបស់មន្រ្តីនិងជីវភាពរស់នៅរបស់ពលរដ្ឋ។
សម្ដេចក៏បានបន្តលើកឡើងអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដើម្បីធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាព និងទំនួលខុសត្រូវក្នុងការផ្ដល់សេវាសាធារណៈប្រកដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ សម្ដេចបានបញ្ជាក់ជាថ្មីទៀតថាដំណើរការកែទម្រង់នេះ បើទោះបីជាមានបញ្ហាប្រឈមខ្លះៗ ប៉ុន្តែរាជរដ្ឋាភិបាលមិនដកថយនោះឡើយ ៕