កិច្ចជំនួបពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

ជំនួបពិភាក្សានេះ ក៏មានការចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំការទូតនៃសាធារណរដ្ឋឥណ្ឌា។ ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានទទួលឥទ្ធិពលពីប្រទេសឥណ្ឌាតាំងពីសម័យបុរាណ ដូចជាប្រវត្តិសាស្រ្ដ អក្សរសាស្រ្ដ ភាសា សាសនា និងវប្បធម៌។ 

លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋឥណ្ឌា ដែលបានចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដូចជាការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ក្រសួងអប់រំ នឹងបន្ដគាំទ្ររាល់គម្រោង និងសកម្មភាពរបស់សាធារណៈរដ្ឋឥណ្ឌា ទាក់ទងទៅនឹងវិស័យអប់រំ។

ជាមួយគ្នានេះដែរលោកស្រីឯកអគ្គរដ្ឋទូត បានមានប្រសាសន៍អំពីការស្នើសុំក្នុងការចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ ដូចជាគម្រោងទាក់ទងទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំ និងការបង្កើតក្រុមការងារជាមួយក្រសួងពាក់ព័ន្ធនានា។ កន្លងមកសាធារណរដ្ឋឥណ្ឌា តែងផ្ដល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌាផងដែរ៕

  

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print