ខេត្តបាត់ដំបង ; សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំធ្វើវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ហើយបំផុសប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិត ជាពិសេសនោះ មិនត្រូវសំឡុតប្រជាពលរដ្ឋឡើយ។
សម្តេចក្រឡាហោម ស ខេង បានធ្វើការណែនាំបែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ឱ្យដឹងទៀតថា ក្នុងអង្គវេទិកាសាធារណៈនោះដែរ ត្រូវបំផុសឱ្យប្រជាពលរដ្ឋហ៊ាននិយាយនូវអ្វីជាការពិត មិនត្រូវបង្កឱ្យគាត់មានការភ័យខ្លាចនោះឡើយ ហើយការងារធ្វើវេទិកាសាធារណៈនេះ ត្រូវធ្វើឱ្យបានរួចរាល់យ៉ាងយូរនៅសប្តាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។
សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «ខ្ញុំគិតថា យើងរៀបចំជាយុទ្ធនាការមួយ ដើម្បីធ្វើវេទិកាសាធារណៈ ឱ្យបានគ្រប់ភូមិ ហើយជួបជុំគ្នានេះ ដើម្បីស្ដាប់សំណើ សំណូមពរ ឬកង្វល់របស់ប្រជាពលរដ្ឋ អ្វីដែលដោះស្រាយនៅកន្លែងបានគឺដោះស្រាយជូន ហើយត្រូវមានរបាយការណ៍ ដោះស្រាយបានអ្វី នៅសេសសល់អ្វី។ ក្នុងពេលធ្វើវេទិកានេះ សូមថា ធ្វើម៉េចកុំឱ្យប្រជាពលរដ្ឋខ្លាច ញញឹត ត្រូវបំផុសឱ្យគាត់ហ៊ាននិយាយ ហ៊ានថា ជាមួយយើង ត្រូវប្រកាន់អកប្បកិរិយាបម្រើគាត់ ព្រោះគាត់ជាចៅហ្វាយនាយសម្រាប់យើង។ ពេលចុះទៅមិនមែន ក្នុងនាមយើងជាអ្នកធំឡើយ កុំមើលប្រជាជនជាអ្នកតូចតាច កុំមើលស្រាលគាត់ កុំគំរាមកំហែងគាត់ កុំសំឡុតគាត់»។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំធ្វើវេទិកាសាធារណៈ នៅតែតាមឃុំ ឬតាមស្រុក គោលដៅធំផុត គឺធ្វើនៅភូមិតែម្ដង ព្រោះនៅជិតផ្ទះប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ក្នុងការចូលរួមក្នុងវេទិការសាធារណៈ។ សម្ដេច បានបន្ដថា ការរៀបចំវេទិកាសាធារណៈនេះ ជាការភ្ជាប់ភាពជាក់ស្ដែង នៃការបំពេញការងាររបស់មន្រ្តី និងជីវភាពរស់នៅរបស់ពលរដ្ឋ។
សម្ដេចក្រឡាហោម បានបន្ថែមទៀតថា ការរៀបចំវេទិការសាធារណៈ ក៏បង្ហាញអំពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋផងដែរ៕
ដោយ ៖ សិលា