ខេត្តស្វាយរៀង៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីឆ្លងទន្លេបានជាង២ម៉ោងមូលហេតុឆ្លងទន្លេបានកន្លះម៉ោងស្រាប់តែហូរឈាមតាមទ្វារមាសរហូតសោះខ្លួនគាំងបេះដូងស្លាប់នៅក្នុងបន្ទប់វះកាត់មន្ទីរពេទ្យខេត្ត ធ្វើឲ្យបុរស់ជាប្តី ចោទប្រកាន់គ្រូពេទ្យសពថាមានការធ្វេសប្រហែសទុកប្រពន្ធគាត់ឲ្យហូរឈាមរហូតសោះអស់ពីខ្លួន កាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមមន្រ្តីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះសៀងសុភាព អាយុ៣៣ឆ្នាំមានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានប្តីឈ្មោះញ៉ឹករ៉ា អាយុ៣៥ឆ្នាំជាមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង។
ប្រភពដដែលបន្តទៀតថា ស្រ្តីរងគ្រោះឆ្លងទន្លេកូនទី២ កូនទីមួយឈ្មោះញឹម ស្រីសុភា អាយុ៨ឆ្នាំ ហើយមានផ្ទៃពោះកូនទី២គ្រប់ខែឆ្លងទន្លេ ប្តីក៏បានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងកាលពីព្រឹកម៉ោង៧ថ្ងៃទី២៥ខែឆ្នាំដដែលរហូតដល់ម៉ោង១១ព្រឹកទើបសម្រាលបានបុត្រស្រីម្នាក់គ្រូពេទ្យបានសំអាត់រួចរាល់នៅវេលាម៉ោង១១និង៣០នាទី។ ហើយនៅវេលាម៉ោង១២ថ្ងៃត្រង់ស្រាប់តែចុកក្នុងពោះខ្លាំង ហើយធ្លាក់ឈាមប្អូនស្រីជនរងគ្រោះក៏បានរត់ទៅហៅគ្រូពេទ្យក៏ប៉ុន្តែមានតែអ្នកគ្រូពេទ្យម្នាក់ប៉ុណ្ណោះដោយប្រាប់ថាលោកវេជ្ជបណ្ឌិតទៅផ្ទះអស់ហើយរហូតដល់ម៉ោង១សៀលទើបមានលោកគ្រូពេទ្យមកដល់ឲ្យយកចុះពីជាន់ទី១ទៅសាលវះកាត់នៅខាងក្រោមហើយឲ្យសាច់ញាតិយកឈាមមកដូររួចបញ្ចូលឈាមអស់២ផ្លោក ហើយគ្រូពេទ្យបានឲ្យប្តីរកឈាម២ផ្លោកទៀតដោយឲ្យសាច់ញាតិបរិច្ចាកឈាមយកមកប្តូររហូតដល់ម៉ោង២និង១០នាទីរសៀលគ្រូពេទ្យបានមកហៅប្តីទៅសាកសួរប្រវត្តិជម្ងឺរបស់ប្រពន្ធ គាត់ហើយគ្រូពេទ្យប្រាប់ថាស្រ្តីរងគ្រោះមានជម្ងឺបេះដូង ពេលវះកាត់ហត់ដង្ហក់ខ្លាំងមិនអាចសង្គ្រោះបានទេ អស់លទ្ធភាពហើយ(ឈាម២ផ្លោកក្រោយមិនបានបញ្ចូលឲ្យជនរងគ្រោះទេ)។
ប្តីជនរងគ្រោះនិយាយថាប្រពន្ធគាត់មិនដែលមានជម្ងឺបេះដូងទេ បើមានជម្ងឺគឺធ្លាប់មានជម្ងឺរលាកមាត់ស្បូន បន្ទាប់មកនៅវេលាម៉ោង២ និង២០នាទីរសៀលស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ក្នុងបន្ទប់វះកាត់តែម្តង ទើបបុរសជាប្តីចោទថាគ្រូពេទ្យមានការធ្វេសប្រហែស ទុកឲ្យហូរឈាមរហូតអស់ពីខ្លួនបណ្តាលឲ្យគាំងបេះដូងស្លាប់ហើយពេលគាត់សួរថា តើពេលវះកាត់នោះរកឃើញមូលហេតុអ្វីបានបណ្តាល ឲ្យហូឈាមដូច្នេះ ក៏ប៉ុន្តែលោកគ្រូពេទ្យវះកាត់មិនប្រាប់ទេ។ បុរសជាប្តីបានដាក់ពាក្យបណ្តឹងទៅលោកមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឲ្យជួយរកយុត្តិធម៌ឲ្យប្រពន្ធកូនរបស់គាត់។
មន្ត្រីកងរាជអាវុធហត្ថខេត្តឲ្យដឹងថា នៅថ្ងៃទី២៦មេសានិងចុះទៅស្រាវជ្រាវក្នុងករណីនេះហើយលោកប្រធានមន្ទីរពេទ្យខេត្តមិនអាចរកសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦នេះ៕



ដោយ៖ យឹម សុថាន
...