ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ដោយសារតែប្រើហិង្សាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ ខែមីនាឆ្នាំ២០២២នៅចំណុចផ្សាររាត្រីស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផាម ង៉ុកកុង អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិភូសឺង ឃុំកាកសឺង ស្រុកយីសឺង ខេត្តថាន់ហ័រ ប្រទេសវៀតណាម។
ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ គឿង ភេទប្រុស អាយុប្រហែល៣២ឆ្នាំ ជនជាតិវៀតណាម មិនស្គាល់ទីលំនៅ, ឈ្មោះ តួ ភេទប្រុសអាយុប្រហែល៣៣ឆ្នាំ ជនជាតិវៀតណាម និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។
រីឯជនរងគ្រោះមានឈ្មោះ ប្រាក់ សុខជា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូម៉ុកបាយ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរងរបួសក្បាលជាទម្ងន់ដេរ៣០ថ្នេរ បច្ចុប្បន្ននៅព្យាបាលក្នុងគ្លីនិកសោភ័ណ្ឌអូវាង ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។
សមត្ថកិច្ចបញ្ជាក់ទៀតថា កាលពីថ្ងៃទី០៦ខែមីនាឆ្នាំ២០២២មានករណីហិង្សាដោយចេតនាមួយបង្កដោយជន
សង្ស័យមិនស្គាល់អត្តសញ្ញាណ៤នាក់
បានយកដំបងឈើមែកប្រេងខ្យល់វាយទៅលើជនរងគ្រោះឈ្មោះ ប្រាក់ សុខជា ត្រូវចំក្បាលរងរបួសធ្ងន់ ដោយមូលហេតុបើកម៉ូតូប៉ះរថយន្តជនសង្ស័យម៉ាកឡិចសុីស ពណ៌ខ្មៅ ពាក់សា្លកគ្នំពេញលេខ២I-០០៨១។
ក្រោយបង្កហេតុរួច ជនសង្ស័យបានបើករថយន្តរត់គេចចូលកាសុីណូពិភពថ្មីក្រុងបាវិត។ ប្រភពបន្តថា ក្រោយមក
សមត្ថកិច្ចបានស្រាវជ្រាវរហូតដល់ថ្ងៃទី៩ខែមីនាឆ្នាំ២០២២វេលាម៉ោង១០និង៣០នាទីយប់ ស្រាប់តែប្រទះឃើញរថយន្តលេខភ្នំពេញ2I- 0081នៅផ្សាររាត្រីស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតក៏បាននាំខ្លួននិងរថយន្តមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ផាម ង៉ុកកុងបានសារភាពថា ខ្លួន និងបក្ខពួក៣នាក់ទៀតបានព្រួតគ្នាយកដំបងឈើ(មែកប្រេងខ្យល់)វាយទៅលើជនរងគ្រោះប្រាកដមែន ទើបសមត្ថកិច្ច បានសុំគោលការណ៍ឃាត់ខ្លួនពីលោកព្រះរាជអាជ្ញាខេត្តស្វាយរៀងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាវិតដើម្បីបំពេញសុំណុំរឿងចាត់កាបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន