ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យក្លឹបកម្សាន្តមួយកន្លែង បន្ទាប់ពីមានការសង្ស័យថា មានលួចលាក់ប្រើប្រាស់គ្រឿងញៀន។
ប្រតិបត្តិការនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី១១និង២០នាទីយប់ ថ្ងៃទី១០ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្លឹបកម្សាន្ត៩៩ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ថា ក្លឹបកម្សាន្តនោះ បានបើកដំណើរការ និងលួចលាក់ប្រើប្រាស់គ្រឿងញៀនលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចំរុះចុះធ្វើការត្រួតពិនិត្យទីតាំងខាងលើជាក់ស្ដែង។
ជាលទ្ធផលក្រោយពីការត្រួតពិនិត្យហើយនោះឃើញថា ទីតាំងក្លឹបកម្សាន្ត៩៩នេះ មិនបានបើកដំណើរការនោះទេ ហើយក៏មិនបានរកឃើញថា មានលួចលាក់ប្រើប្រាស់គ្រឿងញៀន ដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍នោះដែរ។
បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន សម្រេចបិទក្លឹបកម្សាន្ត៩៩ជាបណ្ដោះអាសន្នសិន៕
ដោយ៖ ជ្រោយពេជ្រ