ខេត្តសៀមរាប ៖ ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាបានចាប់ផ្ដើមពីថ្ងៃទី១ខែមីនាហើយ នៅក្នុងខេត្ដសៀមរាបក៏បាននឹងកំពុងដំណើរ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ខែ មីនានេះ អនុវត្ដបានប្រមាណ ៦០ភាគរយហើយ ក្នុង ចំណោមសហគ្រាសអាជីវកម្មសេដ្ឋកិច្ចជិត ៥ម៉ឺនទីតាំង ដែលបានចុះបញ្ជីសេដ្ឋកិច្ចនៅក្នុងខេត្ដនេះ។ មន្ត្រីចុះធ្វើជំរឿនកំពុងធ្វើការងារយ៉ាងសកម្មបន្តទៀតប្រយោជន៍ដើម្បីអោយការជំរឿននេះបញ្ចប់តាមផែនការ។
ប្រធានមន្ទីរផែនការខេត្ដសៀមរាបលោកហាក់ សុខធារ៉ាបានឱ្យដឹងថា ការធ្វើជំរឿនសេដ្ឋកិច្ច ធ្វើឡើងទៅលើអង្គ ភាពអាជីវកម្មសហគ្រាសទាំងរបស់រដ្ឋ ឯកជន ដដែលបានចុះបញ្ជីសេដ្ឋកិច្ច និងការគូរផែនទីកាលពីឆ្នាំ ២០២១ ដែលក្នុងនោះ មន្ដ្រីជំរឿនបានធ្វើសម្ភាសន៍ ប្រជាពលរដ្ឋលក់ដូរ អីវ៉ាន់ចាប់ហួយពីមួយកញ្ច្រែងនៅខាងមុខផ្ទះ ឬនៅតាមផ្លូវ រហូតដល់ផ្ទះសំណាក់ សណ្ឋាគារ ក្រុមហ៊ុន តូចធំទាំងអស់ លើកលែងតែជាប្រភេទអាជីវកម្មរបស់ស្ថានទូតនានា និងផ្នែកកិសកម្ម។ការធ្វើជំរឿននេះគឺធ្វើជាទូរទៅសម្រាប់អាជីវកម្មក្នុងគោលដៅសេដ្ឋកិច្ចទាំងតូចទាំងធំ។
លោកប្រធានមន្ទីរបន្ដថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ បានដំណើរការយ៉ាងរលូន ដោយក្នុងរយៈ ពេល៩ថ្ងៃកន្លងមកនេះ បានប្រមាណ ៦០%ហើយ ក្នុង ចំណោមអាជីវកម្មសហគ្រាសចំនួនប្រមាណ ជាង៤ម៉ឺន ៨ពាន់ទីតាំង និងមានមន្ដ្រីជំរឿន ជាង២០០នាក់ បានចុះប្រតិបត្ដិការធ្វើជំរឿនសេដ្ឋកិច្ច ដោយគ្រោងនឹងបញ្ចប់តាមផែនការកំណត់នៅដំណាច់ ខែមីនានេះ។
លោក ហាក់ សុធារ៉ា បានស្នើប្រជាពលរដ្ឋអាជីវកររកស៊ីលក់ដូរគ្រប់មជ្ឈដ្ឋាន,គ្រប់ប្រភេទចូលរួមផ្ដល់បទសម្ភាសន៍ដល់ក្រុមមន្ដ្រីជំរឿន ឱ្យបានទាន់ពេលព្រោះការធ្វើជំរឿនសេដ្ឋកិច្ចនេះ នឹងត្រូវបានរក្សាការសម្ងាត់អាជីវកម្មសហគ្រាស របស់ប្រជាពលរដ្ឋ។
រដ្ឋាភិបាលកម្ពុជា បានអនុវត្តការធ្វើជំរឿនសេដ្ឋកិច្ចលើកទី២នេះ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីក ចម្រើន ដែលបានអនុវត្ដចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ រាល់ទិន្ន័យជំរឿនទាំងអស់ នឹងប្រមូលមកពីគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្ម ផ្សេងៗទៀត។ ការធ្វើជំរឿននេះ គឺជាកត្តាចំបាច់បំផុតសម្រាប់ប្រទេសជាតិ ដើម្បីរៀបចំគោលនយោបាយ អាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើននិងជឿនលឿន៕