អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានចេញ សេចក្តីបំភ្លឺ ពាក់ព័ន្ធឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា, នាថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថាជាជំនួយការរបស់ខ្ញុំ ដោយបានយកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទជាដើម។

លោកបន្តថា, ខ្ញុំសូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយដែលមិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ដែរថា រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា, ជុំវិញបញ្ហានេះ ខ្ញុំសូមស្នើ និងអំពាវនាវដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច សូមចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់។

លោករដ្ឋលេខាធិការបានថ្លែងថា, ខ្ញុំសូមលើកទឹកចិត្ត ឲ្យមានការដាក់ពាក្យបណ្ដឹងដើម្បីទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ ប្រសិនបើមានបុគ្គលណាមួយរងគ្រោះ ដោយសារបុគ្គលខាងលើនេះ។ សូមអរគុណ ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print