រដ្ឋាភិបាលទីក្រុងការ៉ាកាសបានប្រកាសថានឹងដំណើរការពាណិជ្ជកម្មក្នុងវិស័យប្រេងជាមួយអាមេរិកក្នុងលក្ខខណ្ឌទីក្រុងវ៉ាស៊ីនតោនត្រូវតែទទួលស្គាល់ពីភាពស្របច្បាប់របស់ប្រធានាធិបតី Nicolas Maduro ។
បណ្តាញព័ត៌មាន RT នៅថ្ងៃទី ១៣ខែមីនា បានផ្សាយថា ក្រសួងការបរទេសវេណេហ្ស៊ុយអេឡា លោក Felix Plasencia បានប្រកាសថានឹងលក់ប្រេងឱ្យអាមេរិក ប៉ុន្តែនៅតែបន្តគាំទ្រទីក្រុងមូស្គូដដែល។
លោក ផ្លាសិនត្យា បានធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានតួកគី អាណាឌូលូ (Anadolu) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡារូបនេះបានបញ្ជាក់ដូច្នេះថា «វានឹងមិនមែនជាទំនាក់ទំនងចម្លែកអ្វីនោះទេជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងការ៉ាកាស់នឹងធ្វើការងាររួមគ្នាពាក់ព័ន្ធនឹងប្រេង ពីព្រោះថាវេណេហ្ស៊ុយអេឡាបានរកស៊ីប្រេងជាមួយអាមេរិក តាំងតែពីយូរណាស់មកហើយ»។
យ៉ាងណាក៏ដោយ លោក ផ្លាសិនត្យា ក៏បានសង្កត់ធ្ងន់ដែរថាវេណេហ្ស៊ុយអេឡា នឹងនៅតែជាសម្ពន្ធមិត្តដ៏ស្មោះត្រង់ជាមួយរដ្ឋាភិបាលរុស្ស៊ី ហើយថា លោកពូទីន គឺជាមេដឹកនាំប្រកបដោយការទទួលខុសត្រូវម្នាក់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថាបានបើកកិច្ចចរចាជាមួយរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ជុំវិញការផ្គត់ផ្គង់ប្រេង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។ ឧស្សហកម្មប្រេងរបស់វេណេហ្ស៊ុយអេឡា រួមទាំងអ៉ីរ៉ង់ដែលជាមានទំនាក់ទំនងល្អជាមួយរុស្ស៊ី សុទ្ធតែកំពុងជាប់ទណ្ឌកម្មលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង៕
ដោយ៖ធីរីណា
វេណេហ្ស៊ុយអេឡាបាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យប្រេង ដោយផ្តល់ថាអធិបតេយ្យភាពរបស់ខ្លួនត្រូវបានគោរព។ រូបភាព៖AP