លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការធនាគារវីង និងដាក់ឱ្យដំណើរការសាខាសែនសុខ និងសាខាវិមានឯករាជ្យ

ចែករំលែក៖

   ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ២០២២ ធនាគារវីងត្រូវបានសម្ពោធជាផ្លូវការ រួមជាមួយនឹងការដាក់ឱ្យ ដំណើរការសាខាចំនួនពីរ គឺសាខាសែនសុខ និងវិមានឯករាជ្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងដោយមានការចូលរួមពីសំណាក់លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួត ពិនិត្យនៃធនាគារជាតិនៃកម្ពុជា អ្នក ឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង (ខេមបូឌា) ម.ក និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និង លោកស្រីម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

   លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផលទាំងឡាយ ដែលក្រុមហ៊ុនវីងខិតខំសម្រេចបានក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ដែលជាដំណើរជោគជ័យគួរជាទីមោទនៈ មួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុកដែលបានពង្រីកខ្លួនបន្ថែមទៅជាធនាគារពាណិជ្ជ និងការដាក់ឱ្យដំណើរការសាខាចំនួនពីរដែលត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ ក៏បានឆ្លុះ បញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារនៃវិស័យហិរញ្ញ វត្ថុនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍នៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច-សង្គមទាំងក្នុងកម្រិតសាកល, តំបន់ និងជាតិនីមួយៗ។ 

   លោកឧត្តមសេនីយ៍ឯកក៏បានកត់សម្គាល់អំពីកំណើននៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលបរិយាប័ន្នហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកផ្តល់លទ្ធភាពដល់ប្រជាជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមឱ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ ជាការធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម៕ ដោយស៊ុនហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print