កាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០២២ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននឹងគំរាមកំហែងដល់មនុស្សជាតិទាំងមូល ។ លោក Antonio Guterres បញ្ជាក់ថា «ទិដ្ឋភាពនៃសង្គ្រាមបរមាណូគឺមិនអាចនឹងស្មានដល់ ហើយពេលនេះស្ថិតនៅក្នុងរង្វង់ដែលអាចផ្ទុះឡើងគ្រប់ពេល»។ លោកAntonio Guterres បាននិយាយថា ប្រតិបត្តិការយោធា ដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន នឹងបំផ្លាញវិស័យសន្តិសុខស្បៀងពិភពលោក ជាពិសេសបង្កផលប៉ះពាល់ដល់បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ជម្លោះរវាងរុស្ស៊ីនឹងអ៊ុយក្រែននឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសនៅអាហ្វ្រិក និងប្រទេសដែលពឹងផ្អែកលើការនាំចូលស្បៀងអាហារពីប្រទេសទាំងពីរ។ លោកបន្តថា រុស្ស៊ីនិងអ៊ុយក្រែនជាអ្នកផ្គត់ផ្គង់ប្រមាណពាក់កណ្តាលនៃប្រេងផ្កាឈូករ័ត្ន Sunflower Oil ពិភពលោក និងស្រូវសាលី៣០ ភាគរយដល់ពិភពលោក។ ដោយឡែក អ៊ុយក្រែនតែមួយគត់ ជាអ្នកផ្គត់ផ្គង់ជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ស្រូវសាលីរបស់កម្មវិធីស្បៀងអាហារពិភពលោក។ បើតាមលោក ហ្គូទែររ៉េស បណ្ដាប្រទេសអាហ្វ្រិកនិងប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៥ប្រទេស បាននាំចូលស្រូវសាលី យ៉ាងហោចណាស់១ភាគ៣ពីប្រទេសអ៊ុយក្រែន ឬ រុស្ស៊ី ក្នុងនោះមាន១៨ប្រទេសនាំចូលយ៉ាងតិច ៥០ភាគរយ។ បច្ចុប្បន្នប្រទេស ទាំងនោះចាប់ផ្តើមទទួលរងផលប៉ះពាល់ពីប្រតិបត្តិការយោធារួចទៅហើយ។ ប្រមុខ UN រូបនេះក៏បានប្រកាសផ្តល់ជំនួយចំនួន៤០លានដុល្លារ ដើម្បីជួយដល់ប្រទេសដែលរងផលប៉ះពាល់ពីប្រតិបត្តិការយោធានេះផងដែរ៕ ដោយធីរីណា
រូបថត៖AP.