ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត÷នឹងបន្តអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ដរាបណាប្រទេសជាតិយើងនៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន

ចែករំលែក៖

ខេត្តក្រចេះ÷ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើនដែលមាននៅក្នុងវត្តព្រែកចំឡាក់ដ៏ចំណាស់មួយនេះ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនជាលំដាប់ទាំងផ្នែកសាសនា, ផ្នែកអប់រំ, ផ្នែកសុខាភិបាល រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកឆ្លូងខេត្តក្រចេះទាំងមូល ដោយទាំងនេះបានបង្ហាញអំពីភាពសុខដុមរមនា និងភាពសម្បូរសប្បាយរុងរឿងរបស់ប្រជាជននៅតាមមូលដ្ឋានភូមិស្រុកនៅទីនេះ ក្រោមការដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមរបស់ព្រះតេជគុណព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាបងប្អូនប្រជាពលខ្មែរដែលរស់នៅក្រៅប្រទេសផងដែរ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថាដូចនឹងស្ថានភាពនៅទូទាំងប្រទេសផងដែរ អ្វីៗដែលត្រូវបានកសាងឡើងមកនេះ នឹងនៅស្ថិតស្ថេរគង់វង្សតទៅមុខសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏នឹងមានការបន្តអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ដរាបណាប្រទេសជាតិយើងនៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន ពីព្រោះមានតែសន្តិភាពប៉ុណ្ណោះដែលអាចនាំមកនូវសេចក្តីសុខគ្រប់បែបយ៉ាង ហើយសង្គ្រាម និងជម្លោះបែកបាក់ ជាប្រភពនៃសេចក្តីវិនាសហិនហោច និងសោដនាដកម្មសម្រាប់ជាតិ និងប្រជាជនទោះជាកើតឡើងក្រោមហេតុផលអ្វីក៏ដោយ។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋាន សាលា និងសមិទ្ធផលនានាក្នុងវត្តអម្ពរវ័នសិលារាម (ហៅវត្តព្រែកចំឡាក់) ស្ថិតនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

លោកមេបញ្ជាការកងទ័ពជើងគោកបានលើកឡើងថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ហើយក៏ជាអ្នកដែលបានមើលឃើញ និងដឹងឮដោយផ្ទាល់អំពីអ្វីល្អអ្វីអាក្រក់។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ គណបក្ស ប្រជាជនកម្ពុជាបានទទួលអម្រែកភារកិច្ច និងការផ្ទុកផ្តាក់ពីប្រជាពលរដ្ឋ ឱ្យដឹកនាំប្រទេស ដោយឈានចេញពីការសង្គ្រោះជាតិ ប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់ និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ សម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឺកដី, និងជាក់ស្តែងក្នុងអាណត្តិភារកិច្ចឆ្នាំ២០១៨-២០២៣ នេះ គឺបានខិតខំសម្រេចបាននូវការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាងមួយសែននាក់ និងការពាររាប់លាននាក់ឆ្លងផុតជ្រោះមរណៈនៃជំងឺកូវីដ-១៩។ 

លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងន័យនេះ ក្នុងនាម សម្តេចតេជោ ប្រធានគណបក្ស សូមអរគុណចំពោះការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមក និងសូមបន្តការគាំទ្រ ដើម្បីជាការផ្តល់ឱកាសឈានទៅបន្តបម្រើ រែកពន់ និងសម្រេចភារកិច្ចជូនជាតិ និងប្រជាជនបន្ថែមទៀត។ ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ កសាង និងការពារជាតិ ប្រជាជន ដោយធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅបានសេចក្តីសុខ និងសុភមង្គល ហើយគ្រប់ភូមិស្រុកនៅទូទាំងប្រទេស ទទួលបានការបន្តអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print