ភ្នំពេញ៖ លោក ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍ រីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិសេស២ឆ្នាំចុងក្រោយនេះកម្ពុជា
អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ បាន យ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។
លោក ង្វៀន ហ៊ុយថាំង បានសរសើរ ធ្វើឡើងខណៈលោកបានជួបសម្ដែងការគួរសមជាមួយលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៥ មិនាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
លោក ង្វៀន ហ៊ុយថាំង បានមានប្រសាសន៍ថា ៖ រាជធានីភ្នំពេញក្នុងរយៈពេល៤ទសវត្សរ៍នេះពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំមុនគឺដូចមេឃហើយនឹងដី ។ បន្ថែមពីលើនេះលោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានជួបនៅជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាអាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩នេះយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសេដ្ឋកិច្ចជាតិនិងជីវភាពប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។
លោកបន្តថា សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុងបានល្អប្រសើរ ហើយទំនាក់ទំនងរវាងទីក្រុងភ្នំពេញនិងទីក្រុង រវាងប្រទេសនិងប្រទេស កម្ពុជា-វៀតណាមឃើញថា មានសាមគ្គីភាព មានទំនាក់ទំនងកាន់តែល្អប្រសើរ រឹតមាំនិងខ្លាំងក្លា។
លោកបញ្ជាក់ថា លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែករកធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកម្ពុជានិងវៀតណាមមានទំនាក់ទំនងមានសាមគ្គីភាពគ្នាតែរឹងមាំនៅពេលដែលលោកមកធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ ។លោកក៏បានសូមឱ្យរាជធានីភ្នំពេញនិងទីក្រុងហូជីមិញផ្លាស់ប្ដូរទស្សនកិច្ចគ្នាអោយបានច្រើនដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជននៃប្រទេសទាំងពីរឲ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការការងារជាមួយល្អនិងរឹងមាំ ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងដែលថា ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ បានធូរស្រាលដោយជម្ងឺកូវីដ-១៩ហើយ ហើយយើងក៏បានបើកប្រទេសឲ្យដំណើរការឡើងវិញហើយដែរ ធ្វើអោយយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
លោកបញ្ជាក់ផងដែរថា នៅពេលដែលប្រទេសយើងទាំង២មាន ទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អ ការរស់នៅជាមួយគ្នាដោយភាពស្មោះត្រង់ យោកយល់គ្នា នោះប្រទេសទាំងពីរ នឹងមានសាមគ្គីភាពគ្នាកាន់តែល្អនិងរឹងមាំយូរអង្វែង៕ សំរិត